ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវថ្មី ដែលបានបង្ហាញថា ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរឆ្ងាយពីប្រទេសចិន ដោយសារតែគោលនយោបាយ ដែលអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន និងរដ្ឋបាលអតីតប្រធានាធិបតី ដូ ណាល់ត្រាំ។ព័ត៌មាននេះ បានបង្ហាញកាលពីថ្ងៃសៅរ៍ ក្នុងសន្និសីទសេដ្ឋកិច្ចរបស់ធនាគារកណ្តាលអាមេរិក។
ប៉ុន្តែការពឹងផ្អែករបស់សហរដ្ឋអាមេរិក លើខ្សែសង្វាក់ផ្គត់ផ្គង់ដែលភ្ជាប់ជាមួយប្រទេសចិន មិនត្រូវបានកាត់បន្ថយជាចាំបាច់នោះទេ ហើយអ្នកប្រើប្រាស់បានប្រឈមមុខ នឹងថ្លៃចំណាយខ្ពស់ជាងមុន។
-->
លោក Laura Alfaro សេដ្ឋវិទូនៅសាលា Harvard Business School និងលោកDavin Chor សាស្ត្រាចារ្យរងនៅសាលាធុរកិច្ច Tuck School of Dartmouth លើកឡើងថា ទោះបីជាមានការភ័យខ្លាច ចំពោះបដិសកលភាវូបនីយកម្ម (Deglobalization) បន្ទាប់ពីជំងឺកូវីដ-១៩ និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែនយ៉ាងណាក្តី ប៉ុន្តែពាណិជ្ជកម្មរួមបានរក្សាស្ថិរភាព នៅក្រោម៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក។
ប៉ុន្តែពន្ធគយ ដែលសហរដ្ឋអាមេរិក ដាក់លើទំនិញរបស់ចិន គោលនយោបាយឧស្សាហកម្ម ដែលបានអនុម័តនាពេលថ្មីៗនេះ និងជំងឺរាតត្បាត ហាក់ដូចជាបានបណ្តាល ឱ្យការបែងចែកឡើងវិញក្នុងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់កើតឡើងភ្លាមៗ។
ការនាំចូលដោយផ្ទាល់របស់សហរដ្ឋអាមេរិក មកពីប្រទេសចិនបានថយចុះ ពី២១,៦ភាគរយ នៃការនាំចូលសរុបរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ ដល់១៦,៥ភាគរយកាលពីឆ្នាំមុន។
យោងតាមការស្រាវជ្រាវបានរកឃើញថា “ការរឹតបន្តឹងគោលនយោបាយនាពេលថ្មីៗនេះ ដើម្បីផ្លាស់ប្តូរប្រភពនាំចូល ឬដើម្បីលើកទឹកចិត្ត ឱ្យមានការជំនួសធាតុចូលក្នុងស្រុក នឹងអាចបន្ថែមសម្ពាធលើប្រាក់ឈ្នួល និងថ្លៃដើមនៅក្នុងសហរដ្ឋអាមេរិក”៕