ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យដីធ្លី បានបង្ហើបពីវិធីសាស្រ្តនៃការវិនិយោគដីធ្លីរយៈពេលខ្លី មធ្យម និងរយៈពេលវែងដើម្បីយកប្រាក់ចំណេញ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ដែលបានក្លាយពីភ្នាក់ងារអចលនវត្ថុធម្មតា និងទទួលភាពជោគជ័យ ដោយសារដីធ្លីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រសិនជាទិញដីយកចំណេញរយៈពេលខ្លី ត្រឹមរយៈពេល៣ឆ្នាំ គួរវិនិយោគនៅក្នុងទីក្រុង។ បើវិនិយោគសម្រាប់រយៈពេល៥ឆ្នាំ ឬរយៈពេលមធ្យម គួរវិនិយោគនៅតំបន់ជាយក្រុង។
លោកបន្តថា ប្រសិនជាអ្នកវិនិយោគ ចង់វិនិយោគរយៈពេល១០ឆ្នាំឬរយៈពេលវែង ទិញនៅទីណាក៏បាន។
ទោះជាយ៉ាងណា លោកបណ្ឌិតបានបញ្ជាក់ថា ការវិនិយោគដីធ្លីនាពេលនេះ គឺល្អបំផុត ព្រោះអ្នកមានលុយពេលនេះ គឺជាស្តេច ដែលពួកគេអាចចចារទិញដី ក្នុងតម្លៃទាបជាងទីផ្សារ និងអាចយកផលចំណេញនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ខាងមុខនេះ។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា យ៉ាងណាការវិនិយោគដីធ្លីមិនសូវមានផលចំណេញដូចពេលមុនឡើយ ដោយសារចំនួនអ្នកវិនិយោគមានច្រើនជាងមុន ហើយលោកបានប្រៀបប្រដូចស្ថានភាពនេះដូចបឹងមួយ ដែលមានចំនួនត្រីនៅដដែល ប៉ុន្តែចំនួនអ្នកចាប់ត្រីបានកើនច្រើនជាងមុន៕






