ដោយៈ តែម សុខុម
ក្រុងឡុងដ៍: ទំនិញប្រើប្រាស់ក្នុងប្រទេសចំនួន២០ ដែលប្រើប្រាស់ប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃជាមធ្យម៥,៣%ក្នុងខែសីហា បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការប៉ាន់ប្រមាណបឋម ដោយការិយាល័យស្ថិតិរបស់អឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា។
អតិផរណាស្នូល (Core inflation) ដែលមិនរាប់បញ្ចូលថ្លៃចំណីអាហារ និងថាមពលបានធ្លាក់ចុះពី៥,៥% ក្នុងខែកក្កដា មកនៅត្រឹម៥,៣%ក្នុងខែសីហា។
-->
ចំណីអាហារ គ្រឿងស្រវឹង ថ្នាំជក់ និងសេវាកម្មគឺជាកត្តាធំៗបំផុត ដែលជំរុញឱ្យអតិផរណាកើនឡើង ក្នុងខែសីហា ទោះបីជាតម្លៃទាំងនោះបានកើនឡើង ក្នុងល្បឿនប្រចាំឆ្នាំយឺតជាង ក្នុងខែកក្កដា យ៉ាងណាក្ដី។ បើធៀបនឹងខែកក្កដា តម្លៃថាមពលបានកើនឡើង៣,២%។
ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន Reuters រំពឹងថា អតិផរណាជារួម នឹងធ្លាក់ចុះមកត្រឹម៥,១% ដែលនៅតែខ្ពស់ខ្លាំង បើធៀបនឹងពីអត្រាគោលដៅ២% ដែលកំណត់ដោយធនាគារកណ្តាលអឺរ៉ុប (ECB)។
អតិផរណារយៈពេលវែង អាចបង្កើនសម្ពាធលើធនាគារកណ្តាលអឺរ៉ុប ឱ្យដំឡើងអត្រាការប្រាក់ជាថ្មីម្តងទៀត ឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយ នៅពេលធនាគារនេះ កោះប្រជុំនៅខែក្រោយ ទោះបីជាមានភ័ស្តុតាងកាន់តែច្រើនឡើងបង្ហាញថា សេដ្ឋកិច្ចអឺរ៉ុប ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី។
ធនាគារកណ្ដាលអឺរ៉ុប កាលពីខែកក្កដា បានដំឡើងអត្រាការប្រាក់៩ខែជាប់ៗគ្នា ដែលធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់ ក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ កើនឡើងដល់៣,៧៥%៕ CNN៕