ទីប្រឹក្សានាយករដ្ឋមន្ត្រី:៦៥ឆ្នាំកន្លងមកនេះចំណងមិត្តភាពកម្ពុជា – ចិននៅតែមានភាពរឹងមាំខ្លាំង

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីប្រឹក្សាមួយរូបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ កន្លងទៅថា ទំនាក់ទំនងកម្ពុជា-ចិន គឺរឹងមាំខ្លាំង ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៦៥នៃការភ្ជាប់ទំនាក់ទំនងការទូត ។

លោក ពៅ សុខ ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានទប់ទល់នឹងការសាកល្បងនៃវិបត្តិក្នុងតំបន់ និងអន្តរជាតិ និងភាពចលាចល ហើយឈានដល់កម្រិតថ្មីមួយនៃកិច្ចសហប្រតិបត្តិការនៅក្នុងខែកុម្ភៈឆ្នាំនេះ។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ទំនាក់ទំនង កម្ពុជា – ចិន គឺរឹងមាំមិនអាចរង្គោះរង្គើបាន និងមានស្ថិរភាព។ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត ជំនួយ និងការគាំទ្រ ការមិនជ្រៀតជ្រែក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”។

លោក ពៅ សុខ ដែលជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា “សម្ដេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាស់ទិសប្រយុទ្ធ COVID-19 ”បានលើកឡើងថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ក៏ជាសក្ខីភាពយ៉ាងច្បាស់លាស់ចំពោះចំណងមិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេសយើងទាំងពីរផងដែរ”។លោកបានបន្តថា “វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិនមិនត្រឹមតែបានការពារអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឡើងវិញ”។ទីប្រឹក្សារូបនេះបានបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិនបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកបានអះអាងទៀតថា “ប្រទេសចិននៅតែជាអ្នកវិនិយោគនិងម្ចាស់ជំនួយធំជាងគេរបស់កម្ពុជាព្រមទាំងជា ដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយការវិនិយោគរបស់ចិនគឺជាកម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច សង្គម និងការអប់រំ ក៏ដូចជាការបង្កើតការងារថ្មីសម្រាប់ប្រជាជនក្នុងតំបន់”។ លោកបានមានប្រសាសន៍ថា “ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ”។

ដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ ការផ្លាស់ប្តូរវប្បធម៌ និងអន្តរកម្មរវាងប្រជាជន និងប្រជាជន គឺជាកត្តាចាំបាច់ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេរភាគី។ លោកបន្ថែមថា កម្ពុជាត្រូវការភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនពីប្រទេសចិន ជាពិសេសការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ធនធានមនុស្ស។

លោក សុខ ពៅ ជឿជាក់ថា “ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ នោះ ការកសាងសហគមន៍កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីនឹងក្លាយទៅជាការពិតមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here