តែម សុខុម
ប៉េកាំង: ភាគហ៊ុនក្នុងក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងប្រទេសចិន បានហក់ឡើង បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស Country Garden ទទួលបានការពន្យារពេលទូទាត់បំណុលដ៏សំខាន់មួយ។
ភាគហ៊ុនក្នុងក្រុមហ៊ុនសាងសង់ផ្ទះធំៗរួមទាំងក្រុមហ៊ុន Country Garden និងក្រុមហ៊ុន Evergrande ផង បានហក់ឡើងនៅក្នុងការជួញដូរនៅផ្សារហ៊ុនក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។
-->
វិនិយោគិននានាក៏បានស្វាគមន៍ផងដែរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចចិន ដែលកំពុងដាំក្បាលចុះ។ នេះអាចចាត់ទុកបានថាជាដំណឹងល្អដ៏កម្រមួយសម្រាប់ឧស្សាហកម្មអចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden ដែលបានចុះបញ្ជីនៅហុងកុង បានហក់ឡើងប្រមាណ១៥%កាលពីរសៀលថ្ងៃច័ន្ទ ទី៤ ខែកញ្ញា។ ទោះជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុននេះនៅតែធ្លាក់ចុះជាង៦០%នៅឡើយចាប់តាំងពីដើមឆ្នាំនេះ។
Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុដ៏ធំបំផុតមួយរបស់ប្រទេសចិន បានដល់ពេលកំណត់ត្រូវទូទាត់មូលបត្របំណុលឯកជនក្នុងប្រទេសចំនួន៥៤០លានដុល្លារ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។
យោងតាមរបាយការណ៍ឱ្យដឹងថា ក្រុមហ៊ុននេះបានជៀសផុតពីការខកខានទូទាត់សងតាមពេលវេលាកំណត់ បន្ទាប់ពីម្ចាស់បំណុលជនជាតិចិន បានយល់ព្រមកាលពីចុងសប្តាហ៍កន្លងទៅដើម្បីអនុញ្ញាតឱ្យខ្លួនទូទាត់រំលស់ជាដំណាក់កាលនៅ៣ឆ្នាំក្រោយ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុននេះបានរាយការណ៍ពីការខាតបង់ចំនួន៦,៧ពាន់លានដុល្លារ ក្នុងពេល៦ខែដើមឆ្នាំនេះ៕ BBC៕