ដោយៈ ហ្វីអូណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និងអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជា ប្រចាំទីក្រុងឡុងប៊ិចនៃសហរដ្ឋអាមេរិក នឹងសហការគ្នារៀបចំពិព័ណ៍ពាណិជ្ជកម្ម នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅទីក្រុងឡុងប៊ិចនៃសហរដ្ឋអាមេរិក។
ការបន្តសហការរៀបចំពិព័ណ៌នេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី “នីតិវិធី និងបែបបទនៃការនាំចេញផលិផល ចំណីអាហារ និងទំនិញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក” ដែលភាគីទាំងពីរបានសហការរៀបចំឡើងកាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
-->
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណង ពង្រឹង និងពង្រីកធុរកិច្ចរបស់ធុរជន នៃប្រទេសទាំងពីរ និងដើម្បីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវនានា ដែលអាចនាំចេញទៅសហរដ្ឋអាម៉េរិក ខណៈនារយៈពេលចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាពិសេសភាគីទាំងពីរ នឹងរៀបចំពិព័ណ៌ពាណិជ្ជកម្ម នៅទីក្រុងឡុងប៊ិច នៅខែវិច្ឆិកាខាងមុខនេះ។
អ្នកឧកញ៉ាបន្តថា “សភាពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូក្នុងការនាំទំនិញពីកម្ពុជាទៅតាំងពីព័ណ៌ មិនត្រឹមតែប៉ុណ្ណោះទេ សភាពាណិជ្ជកម្ម ក៏នឹងភ្ជាប់ការនាំចេញផលិតផលផ្សេងៗ ក្រោយបញ្ចប់ការតាំងពិព័ណ៌នេះ”។ អ្នកឧកញ៉ាបានបន្តថា “ទន្ទឹមនឹងនេះ សិក្ខាសាលានេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ដល់កម្ពុជាលើការធ្វើពាណិជ្ជកម្ម និងបង្កើនការនាំចេញទំនិញ និងផលិតផលនានាទៅកាន់ទីផ្សារអាមេរិក”។
បើតាមរបាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ដោយបាននាំចូលទំនិញប្រមាណ ៤.២៣ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២៣ ធ្លាក់ចុះ៨.៩% បើធៀបនឹងឆ្នាំមុន នាំមុខវៀតណាម ដែលនាំចូលទំនិញពីកម្ពុជាមានទំហំទឹកប្រាក់១.៤២ ពាន់លានដុល្លារ កើនឡើង២១.៧%៕