តែម សុខុម
សិង្ហបុរី: ក្រុមអ្នកជំនាញសេដ្ឋកិច្ចក្នុងវិស័យឯកជនបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០២៣ មកនៅត្រឹម១% ដោយធ្លាក់ចុះពីការព្យាករមុននេះក្នុងខែមិថុនា ក្នុងរង្វង់១,៤%។
បរិយាកាសកំណើនខាងក្រៅធ្លាក់ចុះត្រូវបានចាត់ទុកថាជាហានិភ័យធ្លាក់ចុះកំពូល ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចក៏បានចង្អុលបង្ហាញពីសម្ពាធអតិផរណា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន ផងដែរ។
-->
លទ្ធផលនៃការរកឃើញទាំងនេះត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញា នៅក្នុងការស្ទង់មតិចុងក្រោយបង្អស់របស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ទៅលើអ្នកព្យាករណ៍អាជីព។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគសរុបចំនួន២២រូបបានឆ្លើយនៅក្នុងការស្ទង់មតិនេះ។
ការព្យាករអំពីកំណើន១%នៅក្នុងការស្ទង់មតិចុងក្រោយនេះគឺស្ថិតក្នុងរង្វង់ នៃការព្យាករផលទុនជាតិសរុប (GDP) របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មចន្លោះពី០,៥%ទៅ១,៥%។
ការស្ទង់មតិរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បង្ហាញថា វិស័យផលិតកម្មដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយត្រូវបានរំពឹងថានឹងធ្លាក់ចុះ៤,៤%ក្នុងឆ្នាំនេះ បើធៀបនឹងការព្យាករមុននេះថានឹងធ្លាក់ចុះ១,៣%។
យោងតាមសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers’ Index) បង្ហាញថា ទិន្នផលផលិតកម្មរបស់ប្រទេសសិង្ហបុរី ដែលគ្របដណ្ដប់ប្រមាណ១ភាគ៥នៃ GDP របស់ប្រទេសនេះបានធ្លាក់ចុះប្រហែលមួយឆ្នាំមកហើយ ស្របពេលមានតម្រូវការទូទាំងពិភពលោកធ្លាក់ចុះ៕ CNA៕