ធនាគារ Goldman Sachs បន្ទាបការព្យាករណ៍ឱកាសនៃវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមកត្រឹម១៥ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារវិនិយោគអាមេរិកGoldman Sachs មានទំនុ កចិត្តកាន់តែខ្លាំងឡើងថា សេដ្ឋកិច្ចអាមេរិក នឹងប្រកាន់ខ្ជាប់ការថយចុះក្នុងកម្រិតមួយ ដែលអាចទទួលយកបាន (Soft Landing) ដែលមនុស្សជាច្រើនគិតថា ស្ទើរតែមិនអាចសម្រេចបាន។

យោងតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទបង្ហាញថា ធនាគារ Goldman Sachs បានបន្ទាបការព្យាករណ៍ឱកាស ចំពោះវិបត្តិសេដ្ឋកិច្ចអាមេរិក ក្នុងរយៈពេល១២ខែបន្ទាប់ មកត្រឹមតែ១៥%ប៉ុណ្ណោះ។

ប្រូបាប៊ីលីតេ១៥%ថ្មីនេះ គឺធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ធនាគារ Wall Street ចំនួន២០% និងទាបជាងការព្យាករណ៍៣៥% នៅក្នុងខែមីនា របស់ធនាគារ Goldman Sachs ដោយសារនៅពេលនោះវិបត្តិធនាគារបានផ្ទុះឡើង។

យោងតាមរបាយការណ៍ដែលមានចំណងជើងថា “Soft Landing Summer” បានគូសបញ្ជាក់អំពីសូចនាករសេដ្ឋកិច្ចនានាជាបន្តបន្ទាប់ ដែលលើកទឹកចិត្តទៅលើអតិផរណា និងទីផ្សារការងារ ដែលនេះបង្ហាញថាសហរដ្ឋអាមេរិក នឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច។យោងតាមសារព័ត៌មានCNN បានឱ្យដឹងថា ការទាញទម្លាក់អតិផរណា ដោយមិនបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិ គឺជាអ្វីដែលគេហៅថា“soft landing”ហើយនេះជាអ្វី ដែលធនាគារកណ្តាលអាមេរិក (Fed)សម្រេចបានតែម្តងគត់ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ។

លោក Jan Hatzius ប្រធានសេដ្ឋវិទូអាមេរិករបស់ធនាគារ Goldman បានសរសេរនៅក្នុងរបាយការណ៍ថា “យើងមិនយល់ស្របយ៉ាងខ្លាំងជាមួយនឹងគំនិតដែលថា គោលនយោបាយរូបិយវត្ថុនឹងជំរុញឱ្យសេដ្ឋកិច្ចឆ្ពោះទៅរកវិបត្តិ”។

លោកបន្តថា “តាមពិតទៅយើងគិតថាការអូសទាញ ឬផលប៉ះពាល់ពីការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុនឹងបន្តថយចុះ មុនពេលវារលាយបាត់ទាំងស្រុង នៅដើមឆ្នាំ២០២៤ខាងមុខ”។

លោក Hatzius បានបន្ថែមថា ធនាគារ Goldman Sachs មានទំនុកចិត្តកាន់តែខ្លាំងឡើងថា ការដំឡើងអត្រាការប្រាក់របស់ធនាគារ Fedគឺចប់ហើយ ស្របពេលដែលភាពអត់ការងារធ្វើ មានការកើនឡើង ប្រាក់ឈ្នួលកើនយឺត និងអតិផរណាថយចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here