នាយករដ្ឋមន្ត្រីចិនលើកឡើងថា ទំនាក់ទំនងរវាងចិន និងកម្ពុជាកាន់តែរឹងមាំ និងជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី

0

ដោយ: គង់ លាងហួរ

ហ្សាការតា: នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងចិនបានទប់ទល់នឹងការប្រែប្រួលក្នុងទិដ្ឋភាពអន្តរជាតិ ហើយនៅតែមានភាពរឹងមាំ និងមិនអាចបំបែកបាន ដែលជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរដ្ឋចិន Xinhua។

លោក Li Qiang បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា កាលពីថ្ងៃពុធម្សិលមិញនេះនៅទីក្រុងហ្សាការតា។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានជួបពិភាក្សាគ្នាក្រៅកិច្ចប្រជុំមេដឹកនាំស្តីពី កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលរៀបចំធ្វើឡើងនៅឯទីក្រុងហ្សាកាតា រួមមានកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨។

លោក Li បានបន្តថា “ប្រទេសចិនគឺជាដៃគូ ដ៏គួរឱ្យទុកចិត្តបានរបស់កម្ពុជា ហើយតែងតែគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការការពា​រអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ”។

លោកបានអំពាវនាវឱ្យភាគីទាំងពីរ ពង្រឹងការផ្លាស់ប្តូរមិត្តភាព ពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ថែមទៀត និងជំរុញការអភិវឌ្ឍន៍រួម។

លោក Li ក៏បានជំរុញឱ្យប្រទេសទាំង២ ទទួលយកការចរចា ក្នុងការចុះហត្ថលេខា លើផែនការសកម្មភាពថ្មី ដើម្បីកសាងសហគមន៍អនាគតរួមគ្នាចិន- កម្ពុជាដែលជាឱកាសមួយ និងរៀបចំផែនការគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេរភាគី ដើម្បីរួមចំណែកដល់ភាពរុងរឿង ការអភិវឌ្ឍ និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា។

លោក Li Qiang បានបន្ថែមថា ភាគីទាំងពីរគួរតែបន្តធ្វើការរួមគ្នា ដើម្បីការពារភាពជាកណ្តាលរបស់អាស៊ាន និងរក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់លើទិសដៅត្រឹមត្រូវ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាស​ន៍ថា ចាប់តាំងពីបានបង្កើតចំណងការទូតទ្វេរភាគី កាលពី៦៥ឆ្នាំមុន កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរទទួលបានផ្លែផ្កា ដោយសម្តេចបន្ថែមថា ប្រទេសចិនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏គួរឱ្យទុកចិត្តបានរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ និងក្របខណ្ឌទំនាក់ទំនងកម្ពុជា-ចិន និងធ្វើការជាមួយភាគីចិន ដើម្បីជំរុញការអភិវឌ្ឍន៍ថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពរបស់ប្រទេសទាំងពីរ ដែលរួមគ្នាកសាងឡើងដោយអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង៕

LEAVE A REPLY

Please enter your comment!
Please enter your name here