(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានសន្យាពិចារណា បង្កើនកូតា ពោលគឺបង្កើនចំនួនពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េឱ្យបានកាន់តែច្រើន ថែមទៀត។
ការសន្យារបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមនឹងការសន្យាបង្កើនកូតាពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េ ឱ្យមកវិនិយោគ នៅ កម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបាន យក ចិត្តទុកដាក់ ចំពោះពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។

សូមបញ្ជាក់ថា គោលនយោបាយស្វះស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ គឺជានយោបាយ អាទិភាព មួយ។ សម្រាប់ការងារទៀតសោតមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ឱ្យតែ អាចផ្តល់ប្រាក់ឈ្នួលល្អប្រសើរ ផ្តល់ចំណូលទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋ គឺរាជ រដ្ឋាភិបាល តែង ស្វះស្វែងរកជូនប្រជាពលរដ្ឋធ្វើ។
សម្រាប់ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសផ្តល់លក្ខខណ្ឌការងារល្អប្រសើរ ហើយផ្តល់នូវ ប្រាក់ ឈ្នួលខ្ពស់ បានរួមចំណែកធ្វើឱ្យជីវភាពពលករកម្ពុជាបានល្អប្រសើរ។ សម្រាប់ប្រទេសកូរ៉េខាង ត្បូង មិនត្រឹមតែកម្ពុជានោះទេ ដែលបានបញ្ជូនពលរដ្ឋទៅធ្វើការនៅទីនោះ មានប្រទេសក្នុង តំបន់អាស៊ីជាច្រើនបាននាំគ្នាសុំការអនុញ្ញាតពីកូរ៉េបញ្ជូនពលរដ្ឋទៅធ្វើការ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរដែលបម្រើការងារ នៅកូរ៉េខាងត្បូង មានចំនួនប្រមាណ ៥ម៉ឺននាក់៕






