តែម សុខុម
តូក្យូ: មូលនិធិសិង្ហបុរី ដែលមានឈ្មោះថា GIC កំពុងពិចារណាលក់អគារការិយាល័យខ្ពស់កប់ពពកលំដាប់កំពូលមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយពេលនេះមានអ្នកចាប់អារម្មណ៍ចង់ទិញយកអគារនេះ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញា។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា អគារការិយាល័យ Shiodome City Center ដែលមានកម្ពស់៤៣ជាន់នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងតូក្យូ ខាងលើនេះអាចលក់បានថ្លៃយ៉ាងតិច២ពាន់លានដុល្លារ។
-->
ប្រសិនបើឈានដល់កិច្ចព្រមព្រៀងទិញលក់មែននោះ វានឹងក្លាយជាប្រតិបត្តិការទិញលក់អគារការិយាល័យដ៏ថ្លៃបំផុតមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន។
ផែនការលក់អគារការិយាល័យកប់ពពកនេះធ្វើឡើង ខណៈមានការរំពឹងទុកថានឹងមានការផ្គត់ផ្គង់ការិយាល័យថ្មីៗនៅក្នុងទីក្រុងតូក្យូ ដោយអគារកប់ពពកជាច្រើននឹងត្រូវបើកសម្ពោធក្នុងរយៈពេល២ឆ្នាំខាងមុខ ដែលអាចធ្វើឱ្យវិនិយោគិនលែងសូវចង់បានអគារដ៏ធំបែបនេះ។
នៅទូទាំងពិភពលោក បណ្ដាវិនិយោគិនក៏កំពុងជៀសវាងមិនទិញការិយាល័យផងដែរដោយសារអត្រាគ្មានអ្នកជួលកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងទីក្រុងធំៗ។
មូលនិធិ GIC បានស្នើសុំឱ្យក្រុមហ៊ុន Mitsubishi UFJ Trust and Banking Corporation និងក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ Jones Lang LaSalle (JLL) ជួយផ្តល់ការប្រឹក្សាលើការលក់នេះ។
ប្រភពដដែលបានបញ្ជាក់ថា មូលនិធិសិង្ហបុរី GIC កំពុងស្វះស្វែងរៀបចំការដេញថ្លៃនៅចុងឆ្នាំនេះ ហើយនឹងបញ្ចប់ប្រតិបត្តិការទិញលក់នេះនៅដើមឆ្នាំ២០២៤៕ Japan Times៕