គណៈកម្មការទន្លេមេគង្គ MRC បង្ហាញសមិទ្ធិផលវិជ្ជមានធំៗ ដែលសម្រេចបានក្នុងឆ្នាំកន្លងមក ប៉ុន្តែបញ្ហាប្រឈមនៅតែមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គណៈកម្មការទន្លេមេគង្គ(MRC) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ខ្លួនដែលចងក្រងនូវសមិទ្ធិផលជាច្រើនក្នុងឆ្នាំកន្លងមក និងបញ្ហាប្រឈមសំខាន់ៗ ដែលទាមទារការយកចិត្តទុកដាក់ជាពិសេស។

នេះបើយោងតាមសារពត៌មានThe Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍ប្រចាំឆ្នាំ២០២២របស់ MRC រៀបរាប់អំពីការកែលម្អជាក់ស្តែងនៅទូទាំងអាងទន្លេមេគង្គ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និង “ការទូតទឹក” រវាងបណ្តាប្រទេសសមាជិកដូចជា កម្ពុជា ឡាវ ថៃ វៀតណាម និងដៃគូនានា។

ក្នុងចំណោមសមិទ្ធិផលសំខាន់ៗជាច្រើនដែលសម្រេចបានកាលពីឆ្នាំមុន រួមមានដូចជា គោលការណ៍ណែនាំសម្រាប់ការរចនាទំនប់វារីអគ្គិសនី និងផលប៉ះពាល់បរិស្ថានឆ្លងដែន ដើម្បីសម្រួលដល់ចលនារបស់ត្រី និងលំហូរដីល្បាប់ ការបង្កើតច្បាប់ នាវាចរណ៍ ថ្មី ដើម្បី ជំរុញ សុវត្ថិភាពទន្លេ ការបង្កើតឧបករណ៍ច្នៃប្រឌិតដើម្បីព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យកាន់តែប្រសើរ ព្រមទាំងបង្កើតស្ថានីយ៍ត្រួតពិនិត្យថ្មីមួយ នៅចុងខាងជើងនៃអាងទន្លេមេគង្គ។

សមិទ្ធិផលធំៗផ្សេងទៀត រួមមានដូចជា ការចាប់ផ្តើមនៃការសិក្សារួមគ្នា រួមជាមួយនឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីអភិវឌ្ឍការយល់ដឹងរួមគ្នាអំពីការប្រែប្រួលរបបលំហូរទឹក។

MRC បានចាប់ផ្តើមអនុវត្តគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ឬហៅកាត់ថា TbEIA រួចមកហើយ ខណៈដែលការសិក្សារួមគ្នាបានបញ្ចប់ដំណាក់កាលដំបូងទី១របស់ខ្លួន។

ចំណែក លទ្ធផលសិក្សានឹងត្រូវបានចែករំលែកឱ្យដឹងនៅក្នុងវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។

របាយការណ៍ប្រចាំឆ្នាំនេះពិពណ៌នាអំពីរបៀបដែលអាទិភាពយុទ្ធសាស្ត្រទាំង៥របស់អង្គការ ដូចជា ៖ បរិស្ថាន សង្គម សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមេគង្គរាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចបាននូវគោលដៅចំនួន១០ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់សហគមន៍អន្តរជាតិផងដែរ។

ទោះបីជាសម្រេចបានសមិទ្ធិផលសំខាន់ធំៗ និងចំណុចវិជ្ជមានទាំងនេះយ៉ាងណាក្តី ប៉ុន្តែអាងទន្លេមេគង្គនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ និងទាមទារការយកចិត្តទុកដាក់ជាពិសេស។

ជាក់ស្តែង លោក អានុល័ក គិធិឃួន (Anouak Kittikhoun) នាយកប្រតិបត្តិលេខាធិការដ្ឋាននៃ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ធ្លាប់បានរៀបរាប់ពីការប្រឈមរបស់ទន្លេមេគង្គ ដែលមាន និន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៥ រួមមាន៖ របបលំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការបំពុលដោយប្លាស្ទីកនិងទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុ។

ដូចដែលលោក Kittikhoun បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ បញ្ហាប្រឈមទាំងនេះឆ្លងកាត់ព្រំដែនដោយធម្មជាតិ ដូច្នេះវាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការបន្តដើម្បីដោះស្រាយពួកគេក្នុងចំណោមបណ្តាប្រទេសជាប់ទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here