ដោយ: គង់ លាងហួរ
ហ្សាការតា: ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានរាយការណ៍មកថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពគ្នា ដើម្បីពង្រីកពាណិជ្ជកម្មទ្វេរភាគី ដោយប្រើប្រាស់យ៉ាងសកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចូលជាធរមាននាពេលថ្មីៗនេះ។
នេះបើយោងតាមសារពត៌មានកូរ៉េ Yonhap ចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា កន្លងមកនេះ។ ថ្នាក់ដឹកនាំទាំងពីរបានរៀបចំកិច្ចប្រជុំជាមួយគ្នាជាលើកដំបូង នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ដែលរៀបចំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី ដោយឆ្លៀតឱកាសនោះ លោក Yoon បានសម្តែងនូវការអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែសីហាកន្លងទៅ។
ការិយាល័យប្រធានាធិបតីកូរ៉េបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភាគីទាំងពីរបានឯកភាពប្រើប្រាស់យ៉ាងសកម្មនូវកិច្ចព្រមព្រៀង FTA កូរ៉េខាងត្បូង-កម្ពុជា ដែលបានចូលជាធរមានកាលពីខែធ្នូ ឆ្នាំមុន និងកិច្ចព្រមព្រៀងគយដែលបានចុះហត្ថលេខាកាលពីខែមេសា ដើម្បីបង្កើនពាណិជ្ជកម្មទ្វេរភាគី។
ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតចំនួន១,០៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។






