ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញ ផែនការរំដោះជំនន់ ទឹកភ្លៀងឱ្យបានលឿនបំផុត ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។
ជំនន់ទឹកភ្លៀងនេះ នឹងបង្ហូរទៅតាមគ្រប់ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកចេញពីរាជធានីភ្នំពេញ ដែលធានាយ៉ាងណាកុំឱ្យមានការជន់លិចនៅពេលមានភ្លៀងនារដូវវស្សា។
-->
យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៦ ខែកញ្ញា លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបន្ទាន់ ពីការងាររំដោះទឹកជំនន់នេះ ដោយបានចាត់វិធានការអនុវត្តភ្លាមៗ រួមទាំងមានកិច្ចសហការ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងការដោះស្រាយមិនឱ្យរាជធានីភ្នំពេញទទួលរងគ្រោះហានិភ័យ ដោយសារទឹកជំនន់ក្នុងគ្រប់រដូវវស្សា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលនេះទេ។
ការដាក់ចេញផែនការនេះ ក្នុងគោលដៅដើម្បីឈានទៅអនុវត្តផែនការ ការងាររយៈពេលមធ្យមដោយធ្វើទំនើបកម្ម វិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយ ដើម្បីបញ្ចប់ជំនន់គ្រប់ប្រភេទ ក្នុងទីក្រុងភ្នំពេញ និងទីក្រុងរណប។
លោកចាន់ ស៊ីណាត ក៏បានចាត់ឱ្យមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល សហការគ្នាធ្វើការបើកមុខទឹកទាំងអស់ ចាប់ពីតំបន់ផ្នែកខាងលើ កំពង់ទួលទឹកថ្លា ទៅទល់នឹងតំបន់រលាំងជ្រៃ ទាំងសងខាងដោយកាត់បន្ថយបរិមាណទឹកក្នុងចំនួន១៣០០ ម៉ែត្រគុប ក្នុង១វិនាទី កុំឱ្យមកកៀកនឹងរាជធានីភ្នំពេញ ចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។
លោកបានបញ្ជាក់ថា ចំពោះមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងត្រូវចាត់ឱ្យដំណើរការឡើងវិញ លើប្រព័ន្ធប្រឡាយ៩២ ប្រព័ន្ធប្រឡាយ៩៤ ប្រព័ន្ធប្រឡាយ៩៦ ប្រព័ន្ធប្រឡាយខ្សាច់ ដែលត្រូវជួយរំដោះទឹកឱ្យបានលឿនបំផុត ចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកនឹងរាជធានីភ្នំពេញ។
កាលពីចុងខែសីហា ឆ្នាំ ២០២៣ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកោះហៅមន្ត្រីជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំពិភាក្សា ដើម្បីរៀបចំផែនការបន្តដោះស្រាយប្រព័ន្ធដោះទឹក ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាលដើម្បីសម្រេចដាក់ចេញអនុវត្តដោះស្រាយ ឱ្យបានយូរអង្វែងចន្លោះពី ១៥ ទៅ ២០ ឆ្នាំ។
លោកបញ្ជាក់ថា ការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅតំបន់សណ្តស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អ ចៀសវាងការជន់លិចដោយជំនន់ទឹកភ្លៀង»។
យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង គិតមកដល់ ពេលនេះ គឺបានស្ថាបនាប្រព័ន្ធលូបានជាង៩២៤ គីឡូម៉ែត្រ ហើយនឹងគ្រោងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយបញ្ហាលិចលង់បាន៣៩កន្លែង។ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកដល់ឆ្នាំ២០២៣ នេះ មានស្ថានីយបូមទឹកជាង១០កន្លែង ត្រូវបានដំឡើង និងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបូមរំដោះទឹក ដើម្បីដោះស្រាយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀង៕