សិង្ហបុរី បើកភ្លើងខៀវឱ្យនាំចូលអគ្គិសនី២ជីហ្គាវ៉ាត់ពីឥណ្ឌូនេស៊ី ក្រោយអនុម័តឱ្យនាំចូលអគ្គិសនី១ជីហ្គាវ៉ាត់ពីកម្ពុជា

0

តែម សុខុម

សិង្ហបុរី: អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) កាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញា បានអនុម័តឱ្យក្រុមហ៊ុនចំនួន៥នាំចូលអគ្គិសនីកាបូនទាបចំនួន២ជីហ្គាវ៉ាត់ (GW) ពីប្រទេសឥណ្ឌូនេស៊ី។

ការអនុម័តនេះធ្វើឡើងក្រោយពីក្រុមហ៊ុនថាមពលសិង្ហបុរី Keppel Energy កាលពីខែមីនា ដើមឆ្នាំនេះទទួលបានការអនុម័តពីអាជ្ញាធរទីផ្សារថាមពល (EMA) ដើម្បីនាំចូលអគ្គិសនី១ជីហ្គាវ៉ាត់ (GW) ពីកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី តាមរយៈខ្សែកាបក្រោមបាតសមុទ្រថ្មីដែលមានប្រវែងជាង១.០០០គីឡូម៉ែត្រ បន្ទាប់ពីសិង្ហបុរី និងកម្ពុជា បានចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកាលពីខែតុលា ឆ្នាំ២០២២។

ក្រុមហ៊ុនទាំង៥ដែលគ្រប់គ្រងគម្រោងទាំងនេះរួមមានក្រុមហ៊ុន Pacific Medco Solar ក្រុមហ៊ុន Adaro Solar International ក្រុមហ៊ុន EDP Renewables APAC ក្រុមហ៊ុន Vanda RE និងក្រុមហ៊ុន Keppel Energy។

ក្រុមហ៊ុនទាំងនេះទទួលបានការអនុម័តឱ្យនាំចូលអគ្គិសនីក្នុងចំណែកម្នាក់ៗ០,៦ជីហ្គាវ៉ាត់ ០,៤ជីហ្គាវ៉ាត់ ០,៤ជីហ្គាវ៉ាត់ ០,៣ជីហ្គាវ៉ាត់ និង០,៣ជីហ្គាវ៉ាត់។

អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) និយាយថា ជាមួយនឹងគម្រោងទាំងនេះ រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (Solar PV) និងប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS) នឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយថា ពួកគេមាននឹងមានគោលដៅចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មចាប់ពីចុងឆ្នាំ២០២៧ តទៅ។

អាជ្ញាធរនេះបានគូសបញ្ជាក់ថា ប្រទេសសិង្ហបុរី មានមហិច្ឆតានាំចូលថាមពលអគ្គិសនីកាបូនទាបរហូតដល់ទៅ៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣៥៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here