ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ លោក គីម ជីនផ្យូ (Kim Jin-pyo) បានបង្ហើបឲ្យដឹងថា នាពេលថ្មីៗនេះ ការវាយតម្លៃលើគម្រោង នៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ)ទើបបានបញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។
ការលើកឡើងបែបនេះ របស់ប្រធានរដ្ឋសភាកូរ៉េ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា។ ជំនួបនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន។
-->
លោកគីម ជីនផ្យូ បានសម្តែងសុទិដ្ឋិនិយមថា “ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ”។ លោកបន្ថែមថា “ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ”។
ប្រធានរដ្ឋសភាកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម។
លោកមានជំនឿជឿជាក់ថា “កម្ពុជានឹងសម្រេចបានការរីកចម្រើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងជោគជ័យគ្រប់ផ្នែកថែមទៀត ដូចដែលបានសម្រេច កាលពីពេលកន្លងមកក្រោមការដឹកនាំ របស់សម្តេចតេជោ ជាមួយនឹងការគាំទ្រ ពីអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ”។
ជាមួយគ្នានោះ លោកជឿជាក់ថា ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជានាពេលបច្ចុប្បន្ន នឹងនាំកម្ពុជាធ្វើឱ្យសម្រេចនូវគោលដៅ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់អំពីបំណងរបស់រដ្ឋាភិបាល និងសភាកូរ៉េ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អ ជាមួយកម្ពុជាកាន់តែរឹងមាំ ដោយចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ និងជាប្រទេសដៃគូ ODA ដ៏សំខាន់។
លោកបញ្ជាក់ថា “ដើម្បីសម្រេចគោលដៅទាំងនេះ ប្រទេសទាំងពីរត្រូវតែលើកកម្ពស់ទំនាក់ទំនង និងកិច្ចប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ”។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការពេញចិត្ត ដោយមើលឃើញទំនាក់ទំនង រវាងប្រទេសទាំងពីរបន្តរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរួមចំណែកកសាងសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណង ហិរញ្ញប្បទានសម្បទាន ចាប់តាំងពីឆ្នាំ១៩៩៧។ ជាការកត់សម្គាល់ ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ។នៅឆ្នាំ២០២២កន្លងមក កម្ពុជាជាប្រទេសទទួលបានជំនួយច្រើនជាងគេ ក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េ ក្នុងទឹកប្រាក់ចំនួន១៥០លានដុល្លារអាមេរិក។
សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា លំហូវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ និងទេសចរណ៍កូរ៉េ បានដើរតួនាទីដ៏សំខាន់ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រក្រី លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការអបអរសាទរ ចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងថ្នាក់ដឹកនាំកូរ៉េ នឹងបន្តសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់សាធារណរដ្ឋកូរ៉េ ជាការរីកចម្រើនរបស់កម្ពុជា និងជាការរីកចម្រើនរួមរបស់តំបន់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការនាំមក នូវសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕