រដ្ឋាភិបាលចិនកំពុងស្វែងរកការវិនិយោគក្នុងគម្រោងធំៗដែលមានទឹកប្រាក់ជិត១ទ្រីលានដុល្លារអាមេរិក

0

ដោយៈ តែម សុខុម

ប៉េកាំង: ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua បានទម្លាយឱ្យដឹងថា ប្រទេសចិន ពេលនេះកំពុងស្វះស្វែងរកការវិនិយោគឯកជនក្នុងគម្រោងធំៗចំនួន៤.៨៩៤គម្រោង ដែលមានទំហំវិនិយោគសរុបរហូតដល់ចំនួន៧១៧,៦៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញា។

ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សម្តីរបស់គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ដែលបានលើកឡើងថា គម្រោងទាំងនេះភាគច្រើន ពាក់ព័ន្ធនឹងការសាងសង់ទីក្រុង ផ្លូវហាយវេ កំពង់ផែ វិស័យកសិកម្ម និងវិស័យទេសចរណ៍។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិន បានបញ្ចេញវិធានការណ៍ និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជួយដល់អាជីវកម្មនានា ក្នុងវិស័យឯកជន បន្ទាប់ពីវិស័យនេះបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិធានការទប់ស្កាត់កូវីដ-១៩ និងការបង្រ្កាបទ្រង់ទ្រាយធំ ដោយក្រុមនិយ័តករ ដែលតម្រង់គោលដៅទៅរកឧស្សាហកម្ម រាប់ចាប់ពីបច្ចេកវិទ្យា រហូតដល់អចលនទ្រព្យ។

ការវិនិយោគទ្រព្យសកម្មថេរ ដោយក្រុមហ៊ុនឯកជនបានធ្លាក់ចុះ០,៥%ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ បើធៀបនឹងការធ្លាក់ចុះ០,២%សម្រាប់ឆមាសទី១ ឆ្នាំនេះ។

ការបង្ក្រាបទ្រង់ទ្រាយធំ ពីសំណាក់ក្រុមនិយ័តករខាងលើនេះ បានបង្កឱ្យផ្ទុះវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្នុងវិស័យអចលនទ្រព្យ ដោយវិបត្តិនេះ បានផ្ដើមចេញដំបូងគេពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានខ្នាតយក្ស Evergrande Group ដែលបានខកខានទូទាត់សងបំណុលរបស់ខ្លួន៣៥០ពាន់លានដុល្លារអាមេរិក ហើយបន្ទាប់មកក៏បានរាលដាលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗទៀត ពាសពេញវិស័យអចលនទ្រព្យនៃប្រទេសចិន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here