តើទីផ្សារដីធ្លីក្នុងក្រុងបាត់ដំបងកំពុងមានសភាពបែបណា?

0

ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ស្ថិតនៅក្នុងចំណោមបណ្តាខេត្ត ដែលជាប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស ខេត្តបាត់ដំបងមានភាពទាក់ទាញជាងគេ លើការវិនិយោគអចលនទ្រព្យ និងវិស័យដទៃទៀត។

        មិនខុសពីបណ្តាខេត្តដទៃទៀត ខេត្តបាត់ដំបងក៏បាននិងកំពុងមានសភាពស្ងប់ស្ងាត់លើការទិញលក់ដីធ្លី និងអចលនទ្រព្យនានាផងដែរ។

លោកអ៊ិន ដារ៉ាអគ្គនាយកក្រុមហ៊ុនKW Cambodiaប្រចាំខេត្តបាត់ដំ​បងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១១ កញ្ញាថា ទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីនៅក្នុងក្រុងបាត់ដំបង មិនធ្លាក់ចុះច្រើននោះទេ លើកលែងតែអ្នកប្រញាប់លុយ ទើបពួកគេលក់ចេញ ក្រោមតម្លៃទីផ្សាររហូតដល់៥០ភាគរយ។   លោកបន្តថា “សកម្មភាពទិញ លក់មានតិចតួច ដោយតម្លៃដីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ថ្មី មានតម្លៃចន្លោះពី២០ទៅ១៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “ចំណែកដីនៅលើផ្លូវក្រវ៉ាត់ក្រុងទី១ មានតម្លៃចន្លោះពី១៥០ ទៅ៣៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ”។

លោកអ៊ិន ដារ៉ាបានបន្តថា ការប្រកាសលក់ជាទូទៅរបស់ម្ចាស់ដី មិនមានសភាពផុលផុសនោះទេ ភាគច្រើនពួកគាត់លក់គ្នាគាត់ ដែលស្គាល់គ្នា ឬនៅតាមហាងកាហ្វេ សម្រាប់អចលនទ្រព្យដែលលក់ប្រញាប់លុយ។ រដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការកែលំអរឡើងវិញនូវព្រ​លា​នយន្តហោះក្នុងក្រុងបាត់ដំបង ប៉ុន្តែរហូតមកទល់ពេលនេះ ដំនើរការនេះហាក់ស្ងប់ស្ងាត់ ដោយមិនទាន់មានក្រុមហ៊ុនណាសម្រេចចិត្តបោះទុនវិនិយោគនៅឡើយទេ។

ក្រៅពីសក្តានុពលលើដំណាំកសិកម្ម និងកសិឧស្សាហកម្ម ខេត្តបាត់ដំបងជាប៉ូលទេសចរណ៍ដ៏សំខាន់មួយផងដែរ ដោយខេត្តនេះមានសម្បត្តិធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្រ្តជាច្រើន ដូចជារមណីយដ្ឋានឯកភ្នំ ភ្នំសំពៅ បឹងកំពីងពួយ ប្រាសាទស្នឹង រមណីយដ្ឋានសេកសកជាដើម។  ខេត្តបាត់ដំបង បាននិងកំពុងពង្រីកសក្តានុពល បន្ថែមរបស់ខ្លួនផងដែរ ដោយបច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូត ទៅកាន់ខេត្តខេត្តពោធិសាត់ និងភ្ជាប់ជាមួយកំពង់ផែទឹកជ្រៅ ក្នុងខេត្តកោះកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here