ដោយៈ តែម សុខុម
សៀងហៃ: ក្រុមហ៊ុនផលិតយន្តហោះ របស់ប្រទេសចិន Commercial Aircraft Corporation of China, Ltd (COMAC) ទទួលបានការបញ្ជាទិញយន្តហោះធុនC919 របស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ១.០៦១គ្រឿង។
នេះបើយោងតាមលោក ហឺ តុងហ្វឹង (He Dongfeng) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ បានទម្លាយឱ្យដឹងក្នុងវេទិកានវានុវត្តន៍ក្រុងភូជាំង (Pujiang Innovation Forum) លើកទី១៦ ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា។
-->
ក្រុមហ៊ុនចិន ដែលផលិតយន្តហោះធុន C919 និងធុន ARJ21 ខាងលើនេះបានឱ្យដឹងថា វិស័យផលិតយន្តហោះ ដឹកអ្នកដំណើរក្នុងស្រុករបស់ប្រទេសចិន ដំបូងឡើយបានចាប់ផ្ដើមផលិតយន្តហោះធុនតូច ក្រោយមកក៏បន្តផលិតយន្តហោះធុនមធ្យម ហោះហើរក្នុងចម្ងាយជិត និងចម្ងាយមធ្យមរហូតដល់យន្តហោះធុនធំ ដែលហោះផលិតរួច ក្នុងចម្ងាយឆ្ងាយ។
កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern ជាអតិថិជនដំបូង ដែលបានបញ្ជាទិញយន្តហោះធុន C919 បានទទួលយន្តហោះនេះ និងបានចាប់ផ្ដើមប្រតិបត្តិការពាណិជ្ជកម្មនៅខែឧសភា ឆ្នាំ២០២៣។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern កំពុងដំណើរការយន្តហោះ២គ្រឿង ដែលហោះហើរយ៉ាងសកម្មលើផ្លូវអាកាសរវាងទីក្រុងសៀងហៃ និងក្រុងឈឹងទូ (Chengdu)៕ Xinhua៕