ដោយៈ តែម សុខុម
ញូវយ៉ក: សារព័ត៌មាន Bloomberg បានចុះផ្សាយដោយដកស្រង់ប្រភពច្បាស់ការកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងចុះកិច្ចព្រមព្រៀងបឋមមួយ ដើម្បីទិញយន្តហោះធុន Boeing 737 Max ប្រមាណ៥០គ្រឿង ក្នុងតម្លៃរហូតដល់ទៅ១០ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានចុះផ្សាយកាលពីសប្តាហ៍មុនដែរថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិកBoeing គ្រោងនឹងលក់យន្តហោះធុន737 MAX ចំនួន៥០គ្រឿងរបស់ខ្លួន ឱ្យទៅប្រទេសវៀតណាម។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតមានឡើងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃឌិន ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។
ទោះជាយ៉ាងណា ភ្លាមៗទាំងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Vietnam Airlines មិនបានឆ្លើយតបទេ នៅពេលត្រូវបានស្នើសុំឱ្យឆ្លើយបំភ្លឺជុំវិញរឿងនេះ។ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម មួយទៀតឈ្មោះ VietJet Air ដែលជាគូប្រជែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines សម្រាប់ការទិញលក់យន្តហោះធុន 737 MAX ចំនួន២០០គ្រឿង។
យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ឱ្យដឹងថា ប្រទេសវៀតណាម គឺជាទីផ្សារអាកាសចរណ៍ ដែលរីកលូតលាស់លឿនបំផុតទី៥ របស់ពិភពលោកក្នុងឆ្នាំ២០២២ នៅពេលដែលខ្លួនបានលុបចោល វិធានការរឹតបន្តឹងការធ្វើដំណើរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលកូវីដ-១៩។
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានធ្វើការព្យាករណ៍ថា ប្រទេសវៀតណាម នឹងមានសមត្ថភាពបម្រើអ្នកដំណើរតាមផ្លូវអាកាសក្នុងមួយឆ្នាំៗ បានចំនួន១៥០លាននាក់នៅត្រឹមឆ្នាំ២០៣៥៕ Reuters៕






