ដោយ: គង់ លាងហួរ
រីយ៉ាដ: វិស័យលំនៅដ្ឋាននៅអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថា នឹងរីកដុះដាលខ្លាំង ខណៈរដ្ឋាភិបាលបានប្រកាស គម្រោងលំនៅដ្ឋាន ដែលមានតម្លៃប្រមាណ១៧,៣ពាន់លានដុល្លារអាមេរិក នៅថ្ងៃបើកការតាំងពិពណ៌Cityscape Global នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតទីក្រុងរីយ៉ាដ។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រឹត្តិការណ៍រយៈពេល៤ថ្ងៃនេះ ស្ថិតក្រោមប្រធានបទ “អនាគតនៃការរស់នៅ”ដែលរៀបចំដឹកនាំឡើង ដោយលោក Majid Al-Hogail រដ្ឋមន្ត្រីក្រសួងកិច្ចការក្រុង-ជនបទ និងលំនៅដ្ឋាន។
ថ្លែងក្នុងឱកាសនោះ លោក Al-Hogail បានចង្អុលបង្ហាញថា អារ៉ាប៊ីសាអូឌីត កំពុងតែមើលឃើញអំពីការរីកចម្រើន នៃទីក្រុងយ៉ាងឆាប់រហ័ស ដែលបានវ៉ាដាច់ពិភពលោកទាំងមូល។
ដោយគូសបញ្ជាក់ពីគម្រោងនានា ដែលកំពុងស្ថិតក្រោមការសាងសង់នៅប្រទេសអារ៉ាប៊ីសាអូឌីត លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សុបិនដ៏ធំមួយ នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ នៅក្នុងគម្រោងខ្នាតយក្ស NEOM ដោយលោកបន្ថែមថា ចំនួនប្រជាជនក្នុងទីក្រុង The Line នឹងមានចំនួន៩លាននាក់នៅឆ្នាំ២០៤៥។
កម្មវិធីនេះបានទាក់ទាញអ្នកចូលរួម មកពីជាង១៧០ប្រទេស និងអ្នកតាំងពិព័រណ៍ចំនួន៣៥០នាក់ មកពី២១ប្រទេស ដែលអ្នកទាំងអស់នេះ កំពុងស្វែងរកឱកាសវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យរបស់អារ៉ាប៊ីសាអូឌីត។
ព្រឹត្តិការណ៍នេះ នឹងបង្ហាញអំពីគម្រោងនានា ទាក់ទងនឹងកម្មវិធី “Saudi Vision 2030” និងការពិភាក្សាគ្នាជាក្រុម លើការប្រែក្លាយទីក្រុងឱកាសអចលនទ្រព្យ និងការច្នៃប្រឌិតថ្មីក្នុងស្ថាបត្យកម្ម ការរចនា និងការរៀបចំធ្វើផែនការទីក្រុង៕






