ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEPផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានផ្តល់អត្ថប្រយោជន៍ ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានទាំងមូល។

លោកបណ្ឌិតសុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស​កកម្មពិសេសបានថ្លែងនៅក្នុងបាឋកថា ជូនទៅកាន់មន្ត្រីនៅក្រសួងព័ត៌មានថា “ដោយគ្របដណ្តប់លើចំនួន ប្រជាជនសរុបចំនួន២,៣ពាន់លាននាក់ RCEP បានបង្កើតទីផ្សារដ៏ធំមួយសម្រាប់អាស៊ាន”។លោកបានបន្តទៀតថា “RCEP បានក្លាយជាប្លុកដ៏រឹងមាំមួយសម្រាប់ការជំរុញឱ្យមានសេរីភាវូបនីយកម្ម ពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។លោក សុខ ស៊ីផាន់ណា “បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម”។

លោកបានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជា ការវិនិ​យោ​គហេដ្ឋារចនាសម្ព័ន្ធរឹង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួន កាន់តែមានភាពប្រកួតប្រជែង និងទទួ​លបានអត្ថប្រយោជន៍ជាច្រើន ដែលកើតចេញពីការទទួលបានទីផ្សារកាន់តែធំតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា RCEP បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។លោករដ្ឋមន្ត្រីបានបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ នឹងជួយកម្ពុជា ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។លោក នេត ភក្ត្រា បានបន្ថែមថា RCEP បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីភាពជោគជ័យ នៃពហុភាគីនិយម និងការប្តេជ្ញាចិត្តឥតងាករេរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា RCEP បានចូលរួមចំណែក ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់សមាជិករបស់ខ្លួន ជាពិសេសស្របពេល ដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក និងភាពមិនប្រាកដប្រជា។លោកបានបន្តថា “RCEP មានសក្តានុពលដ៏អស្ចារ្យ ក្នុងការបង្កើតអត្ថប្រយោជន៍ ជាក់ស្តែងសម្រាប់សមាជិកទាំងអស់របស់ខ្លួន ហើយតំបន់អាស៊ាន នឹងទាញយកអត្ថប្រយោជន៍ រយៈពេលវែងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ តាមរយៈការធ្វើសមាហរណកម្មបន្ថែមទៀតចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។

លោកបណ្ឌិត គិន ភា បានបន្តទៀតថា RCEP ក៏នឹងជួយអាស៊ាន ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ រវាងប្រទេសសមាជិកអ្នកមាន និងប្រទេសក្រីក្រផងដែរ។លោក​បាន​បន្ថែមថា​ “ខ្ញុំ​ជឿ​ជាក់ថា RCEP នឹង​ជួយ​ប្រែក្លាយ​តំបន់​អាស៊ាន​ទៅ​ជា​ក្បាលម៉ាស៊ីន​ថ្មី​ នៃ​កំណើន​នៅ​តំបន់អាស៊ី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here