គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងបច្ចុប្បន្ន សម្រេចលទ្ធផលបានជាង៩០ភាគរយ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប៉េង​ ពោធិ៍នា​ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ស្ពានវាងក្រុងពោធិ៍សាត់​ និងការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់លើដីចំណីផ្លូវ ក្នុងខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់លើដីចំណីផ្លូវ មុខសាលារៀនជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជាគម្រោងសាកល្បង (Pilot Project) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា JICA បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩។បេសកកម្មការងារនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ការបំពេញបេសសកកម្មការងារ តាមខ្សែផ្លូវជាតិលេខ៥នេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង​បច្ចុប្បន្ន សម្រេចលទ្ធផលបានជាង៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមានរហូតដល់ទៅ៤គន្លង (២គន្លងទៅ និង២គន្លងមក) កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍​ ពិសេសកាត់បន្ថយការកកស្ទះ នៅទីប្រជុំជនក្រុងពោធិ៍សាត់។

សាវតារគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១)មាន ប្រវែងផ្លូវ៖ ៣៦៦គីឡូម៉ែត្រ។ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ចំណុចចាប់ផ្ដើម៖ ព្រែកក្តាម។ ចំណុចបញ្ចប់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ- ផ្លូវជាតិដ៏សំខាន់នេះ បែងចែកចេញជា៣កំណាត់។ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ប្រភេទផ្លូវបេតុងកៅស៊ូ (AC)។ទំហំទឹកប្រាក់គម្រោង ប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រ​យោ​ជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here