ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួល ជាមួយក្រុមហ៊ុនចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសចិនជាលើកដំបូង ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យលោកហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd។
-->
សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក ហាន ស៊ាជុន (Han Xiaojun) ដែលជាភ្ញៀវទីមួយ សម្តេចធិបតីទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ ។ លោក ហាន ស៊ាជុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍នេះ ក៏ដូចជាការណ៍ដែល សម្តេចធិបតីបានចំណាយវេលាដ៏មានតម្លៃ ឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកហាន ស៊ាជុន បានរាយការណ៍ជូន សម្តេចធិបតីដ៏ខ្ពង់ខ្ពស់ អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មក ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត៣ប៊ីលានដុល្លារអាមេរិក។
សម្តេចធិបតី បានបង្ហាញនូវជំហររបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាព នៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម ។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់។
នៅថ្ងៃដដែលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាំង ហ័រ (Liang Hua) ប្រធាន ក្រុមហ៊ុន Huawei Technology Co., Ltdផងដែរ។
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកវិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group នៅថ្ងៃដដែលផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនទៀតផង។
លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនCRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
សម្តេចធិបតីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុនChina Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោង ដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។
ជាបន្តបន្ទាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអនុញ្ញាតឱ្យ លោកវិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនChina Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ៕