ដោយៈ តែម សុខុម
គូឡាឡាំពួ: ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានធំបំផុតរបស់ប្រទេសចិន Country Garden កំពុងស្វះស្វែងសុំពន្យារពេលទូទាត់បំណុល គម្រោងអភិវឌ្ឍន៍ខ្នាតយក្សតម្លៃ១០០លានដុល្លារ របស់ក្រុមហ៊ុននេះនៅម៉ាឡេស៊ី បានស្ថិតក្រោមការពិនិត្យពិច័យ ពីម្ចាស់បំណុល ទោះបីជាប្រទេសនេះ ផ្ដល់គ្រឿងលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីទាក់ទាញការវិនិយោគយ៉ាងណាក្ដី។
គម្រោងអភិវឌ្ឍន៍ខ្នាតយក្សForest City របស់ក្រុមហ៊ុន Country Garden លើផ្ទៃដី២.៨៣២ហិកតា ស្ថិតលើកោះចំនួន៤ក្នុងរដ្ឋ Johor ដែលអមដោយឆ្នេរខ្សាច់សដ៏ស្រស់ស្អាត និងសម្បូរដោយសត្វអណ្ដើក ប្រៀបប្រដូចឋានសួគ៌ខាងលើនេះ មានភូមិសាស្ត្រស្ថិតនៅជាប់ព្រំដែនប្រទេសសិង្ហបុរី។
តាមការគ្រោងទុក នៅពេលសាងសង់បញ្ចប់ជាស្ថាពរ នៅឆ្នាំ២០៣៥ គម្រោងខ្នាតយក្សនេះ នឹងមានសមត្ថភាពទទួលអ្នកស្នាក់នៅបាន៧០០.០០០នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា។
តំណាងគម្រោង Forest Cityបញ្ជាក់ថា ក្នុងរយៈពេល៧ឆ្នាំមកនេះ ក្រុមហ៊ុន Country Garden បានបោះទុនវិនិយោគចំនួន៤,៣ពាន់លានដុល្លារ រួចមកហើយលើគម្រោងនេះ។ ទោះជាយ៉ាងណា ការបោះទុននេះ គឺតិចតួចខ្លាំងណាស់ បើធៀបនឹងផែនការវិនិយោគ១០០ពាន់លានដុល្លារ ដែលបានគ្រោងទុកតាំងពីដើមមក។
បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ដែលកំពុងដំណើរការ នៅឡើយនេះទទួលអ្នកស្នាក់នៅ បានតិចជាង១០.០០០នាក់ ដែលស្មើប្រមាណ១%ប៉ុណ្ណោះនៃគោលដៅរបស់គម្រោង។
គម្រោង Forest City បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីហានិភ័យរបស់ក្រុមហ៊ុនCountry Garden ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ចិន ជាច្រើនផ្សេងទៀត ក៏កំពុងជាប់ផុងក្នុងបំណុល ទាំងនៅក្នុងប្រទេសចិន និងនៅទីផ្សារបរទេស។
ក្រុមអ្នកវិភាគនិយាយថា ខណៈខ្លួនកំពុងជួបការលំបាកជាមួយនឹងរំហូរសាច់ប្រាក់ និងកាតព្វកិច្ចទូទាត់បំណុល ការព្យាយាមរបស់ក្រុមហ៊ុន Country Garden បញ្ចូលដើមទុនបន្ថែមចូល ក្នុងគម្រោង Forest City នៅពេលនេះហាក់កាន់តែលំបាក។
ពួកគេបានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍន៍ចិនមួយនេះ ក៏ទំនងជាមិនអាចបង្កើនប្រាក់ចំណូល ពីគម្រោងនេះក្នុងពេលឆាប់ៗនោះដែរ៕ Reuters៕






