ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានលើកឡើងថា បញ្ហាតិចតួចដែលកំពុងកើតមាន មិនគួរណាយកបញ្ហាទាំងនេះ បង្កជាបន្ទុកសម្រាប់សង្គមនោះទេ ផ្ទុយទៅវិញ ត្រូវផ្សព្វផ្សាយនូវព័ត៌មាវិជ្ជមានជាច្រើន ដើម្បីជម្នះបញ្ហាទាំងអស់នោះ ហើយរួមចំណែកស្ដារនូវស្ថានភាពល្អប្រសើរឡើងវិញ។
អ្នកជំនាញ ដែលក្លាយពីភ្នាក់ងារអចលនទ្រព្យសាមញ្ញ មកជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប បានមានប្រសាសន៍ក្នុងពិធីបើកវេទិកា “ដំណោះស្រាយបញ្ហាអចលនទ្រព្យកម្ពុជា កាលពីចុងសប្តាហ៍មុនថា រាល់បញ្ហា តែងមានដំណោះស្រាយ តែបើគ្រប់គ្នានិយាយតែបញ្ហា អត់មានដំណោះស្រាយ លោកព្រួយបារម្ភខ្លាចថ្ងៃអនាគតវិស័យអចលនាទ្រព្យ នឹងអាក្រក់ដូចមាត់គេនិយាយ។
ហេតុនេះ លោកបានសំណូមពរឲ្យគ្រប់ បណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយពីអ្វីដែលវិជ្ជមាន អ្វីដែលកម្ពុជាមាន ហើយកំពុងមានការអភិវឌ្ឍ និងរីកចម្រើន។

លោកបន្តទៀតថា ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ទាំងក្របខណ្ឌស្ថាប័នព័ត៌មាន ឬបុគ្គលក្ដី ទោះមិនអាចជួយអ្វីច្រើនដល់សង្គម ក៏មិនបង្កបញ្ហាបន្ថែមដល់សង្គមដែរ។ ហេតុនេះ លោកតែងណែនាំបុគ្គលិក និងសមាជិកទាំងអស់ រាល់ការផ្សព្វផ្សាយ មិនថាពាក់ព័ន្ធវិស័យអចលនទ្រព្យ ឬវិស័យអ្វីនោះទេ ត្រូវតែបង្កប់នូវគំនិតវិជ្ជមានជានិច្ច ព្រោះមានតែបុគ្គលវិជ្ជមានប៉ុណ្ណោះ ដែលនិយាយរឿងវិជ្ជមាន ហើយទទួលបានលទ្ធផលវិជ្ជមាន៕




