ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ នៅក្នុងជំនួបជាមួយលោកលាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ីកាលពីថ្ងៃទី១៦ ខែកញ្ញា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីវិនិយោគ លើវិស័យសំខាន់ៗចំនួន៧របស់កម្ពុជា។
សម្តេចធិបតីហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែមលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់ រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា។
-->
ជាមួយគ្នានេះសម្តេច ក៏ស្នើឱ្យលោកលាវ នីង ពិនិត្យលទ្ធភាពពន្លឿនដំណើរការ នៃការរៀបចំនីតិវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នាស្តីពី ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់ លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture) ផងដែរ។់
សម្តេចបានបញ្ជាក់ថា “ការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករ សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន”។
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឆ្នាំ២០២៣នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី២០។លោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបានលើកឡើងថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីមានសក្ដានុពល ឧត្ដមភាព ដោយពេលនេះ ខាងតំបន់ស្វយ័តកំពុងស្វែងរកលទ្ធភាពបន្ថែម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាថែមទៀត ។
លោកបានបញ្ជាក់ថា “គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយប្រទេសកម្ពុជាក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស”។ លោកបន្តថា “ចំពោះពិនិត្យលទ្ធភាព បង្កើនជើងហោះហើរត្រង់ ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បានឱ្យដឹងថា ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីសំណេះសំណាល និងពិសាអាហារពេលថ្ងៃត្រង់ ជាមួយសហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន ដោយពិធីនេះភាគីខាងវិស័យឯកជន នៃប្រទេសទាំង២បានពិភាក្សាគ្នាយ៉ាងច្រើន ទាក់ទងនឹងឱកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនចិនថ្មីៗ និងវិនិយោគិនចិន ដែលកំពុងវិនិយោគនៅកម្ពុជាស្រាប់។
លោកបានបញ្ជាក់ថា នាជំនួបជាមួយនឹងសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្ម កម្ពុជា-ចិន សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងពីការលើកទឹកចិត្តផ្សេងៗ ដល់អ្នកវិនិយោគ ជាពិសេសការធានាដល់បទសុវត្ថិភាព ស្ថិរភាពនយោបាយនៅកម្ពុជា និងគ្មានបញ្ហាផ្សព្វផ្សាយពីបញ្ហាអសន្តិសុខ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួននោះទេ។
លោកបានបន្ថែមចំពោះអ្នកវិនិយោគ ដែលមានស្រាប់ដែលបានចូលរួមនៅក្នុងជំនួបនោះដែរ មានការវិនិយោគនៅក្នុងវិស័យមួយចំនួននៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសលើវិស័យឡូជីស្ទិក។ក្រោយជំនួបនេះហើយ ខាងវិស័យឯកជននៃប្រទេសទាំង២ ក៏មានជំនួបដាច់ដោយឡែកមួយទៀត ដែលនេះជាការទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទំហំទឹកប្រាក់១៨៥,៧ទ្រីលានរៀលកើនឡើង៩ភាគរយ បើធៀបនឹងឆមាសទី១ក្នុងឆ្នាំ២០២២។ នៅក្នុងនោះ ចិន នៅតែឈរលំដាប់ទី១ ក្នុងនាមជាប្រទេសដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយមានទឹកប្រាក់ប្រមាណ៨៣,៥ទ្រីលានរៀល និងតាមពីក្រោយដោយ កូរ៉េខាងត្បូង និងសិង្ហបុរី៕