ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយនៅ “ក្រុងសំពៅពូន”នឹងសាងសង់ នាពេលខាងមុខ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន៤៥លានដុល្លារ។

នេះបើយោងតាមលិខិតមួយច្បាប់ ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លិខិតនេះបានបញ្ជាក់ឱ្យដឹង ពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិនឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង៤៥លានដុល្លារ។

ទីតាំងដីរដ្ឋទាំង៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម ទី១ ស្ថាបនាផ្លូវដី “ស” ចំនួន២ខ្សែ ប្រវែងសរុបប្រមាណ ២០គីឡូម៉ែត្រ តម្លៃ១២លានដុល្លារ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២៣ មកដល់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មី ក្រុងសំពៅពូន។
ទី២ ស្ថាបនាផ្លូវ “ស” ចំនួន២ខ្សែ ប្រវែងប្រមាណ ៣០គីឡូម៉ែត្រ តម្លៃសរុប៨លានដុល្លារ ចាប់ពីចំណុបប្រសព្វផ្លូវជាតិលេខ២៣ រហូតដល់ផ្លូវប៉ាក់ណាម ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។
ទី៣ ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង៥០០ម៉ែត្រ ទទឹង ១២ម៉ែត្រ តម្លៃ២៤លានដុល្លារ ឆ្លងកាត់ពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។
ទី៤ អគាររដ្ឋបាលក្រុងសំពៅពួនទំហំ៣០ម៉ែត្រ គុណ១៥ម៉ែត្រ កម្ពស់៣ដាន់ រួមទាំងជាន់ផ្ទាល់ដី ដែលមានតម្លៃ១.០៥០.០០០ដុល្លារ។

នៅក្នុងលក្ខខណ្ឌនៃការដោះដូរនេះ ក្រសួងមហាផ្ទៃ  និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញប្រកាសរួមមួយ ដើម្បីផ្ទេរកម្មសិទ្ធជូនក្រុមហ៊ុនខាងលើ មុនពេលចាប់ផ្តើមដំណើរការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយពន្ធនៃការផ្ទេរកម្មសិទ្ធជាបន្ទុករបស់រដ្ឋ។

ចំណែកក្រុមហ៊ុនត្រូវធ្វើការដោះស្រាយ គោលនយោបាយជូនប្រជាពលរដ្ឋប៉ះពាល់ ក្នុងអត្រា០.‌១៥ ទៅ០.២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាជំហានបន្ទាប់ ក្រសួងមហាផ្ទៃត្រូវដឹកនាំភាគីរដ្ឋាភិបាលនិងភាគីឯកជនដែលពាក់ព័ន្ធ ក្នុងការចាប់ផ្តើមសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ​មុន នឹងឈានទៅកាន់ការប្រគល់ទទួល ជាកិច្ចបញ្ជប់នីតិវិធីស្តីពីការដោះដូរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here