ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញទេសចរណ៍ប្រទេសកម្ពុជាបានរំពឹងថា ការរីកចម្រើនប្រកបដោយសក្តានុពល ក្នុងឧស្សាហកម្មទេសចរណ៍នឹងកាន់តែរីកចម្រើន នៅពេលមានការបើកជើងហោះហើរ ត្រង់កាន់តែច្រើនជាមួយប្រទេសផ្សេងទៀត ខណៈថ្មីៗនេះប្រទេសនូវែលសេឡង់ បានបញ្ចប់ការចរចាដោយជោគជ័យ សម្រាប់កិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាស (ASA) ជាមួយអាស៊ាន។
យោងតាមសារព័ត៌មាន Ch-Aviation បន្ទាប់ពីការចរចាដោយជោគជ័យលើកិច្ចព្រមព្រៀង ASA ជាមួយប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ដែលបានធ្វើឡើងនៅក្នុងអំឡុងកិច្ចចរចាជុំចុងក្រោយនៅខេត្តសៀមរាបកាលពីថ្ងៃទី ១៣ ខែកញ្ញា កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន និងប្រទេសនូវែលសេឡង់ (ANZ-ASA) នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ មកពីបណ្ដាប្រទេសហត្ថលេខីដើម្បីប្រតិបត្តិការសេវាដឹកអ្នកដំណើរ និង/ឬទំនិញបន្ថែមទៀតរវាងតំបន់អាស៊ាន និងប្រទេសនូវែលសេឡង់។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្នុងពិធីសារទី១ នៃកិច្ចព្រមព្រៀង ANZ-ASA ក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានសិទ្ធិអាចប្រតិ បត្តិការរវាងប្រទេសអាស៊ាន និងនូវែលសេឡង់ ជាមួយសិទ្ធិសេរីភាពចរាចរណ៍ទី៣ និងទី៤ មិនកំណត់។
-->
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលទទួលសិទ្ធិ នឹងអាចហោះហើរបាន រហូតដល់សេវាប្រចាំសប្ដាហ៍ចំនួន៧ ជាមួយនឹងសិទ្ធិសេរីភាពចរាចរណ៍ទី៥ បន្ថែមពីលើសិទ្ធិទ្វេភាគី ដែលមានស្រាប់រវាងរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងប្រទេសនូវែលសេឡង់ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ និងរហូតដល់១៤ សេវាកម្មប្រចាំសប្តាហ៍ ជាមួយនឹងសិទ្ធិសេរីភាពចរាចរណ៍ លើកទី៥ បន្ថែមលើសិទ្ធិទ្វេភាគី ដែលមានស្រាប់បន្ទាប់ពីរយៈពេល១ឆ្នាំ គិតពីថ្ងៃចូលជាធរមាននៃកិច្ចព្រមព្រៀង។
លោក Tom Forster ប្រធានគ្រប់គ្រងបទប្បញ្ញត្តិសេដ្ឋកិច្ចនៅក្រសួងដឹកជញ្ជូនប្រទេសនូវែលសេឡង់ ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា វាជាការល្អដែលរដ្ឋាភិបាល អាចទទួលបានកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសនេះ។
លោកថ្លែងថា “កិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសថ្មីនេះ លើកកម្ពស់គុណភាពរួម នៃកិច្ចព្រមព្រៀងសេវាកម្ម ផ្លូវអាកាសរបស់យើងជាមួយអាស៊ាន និងគូសបញ្ជាក់ពីសារៈសំខាន់ នៃការតភ្ជាប់ផ្លូវអាកា សសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផ្សេងទៀត”។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា វិស័យទេសចរណ៍នៅតែមានសក្ដានុពលខ្ពស់ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ទោះបីមានវិបត្តិសេដ្ឋកិច្ចពិភពលោក នៅពេលបច្ចុប្បន្នក៏ដោយ។ ក្នុងពេលលំបាកនេះ នឹងមានតម្រូវការខ្ពស់សម្រាប់សេវាកម្មរហ័ស និងជម្រើសថែមទៀតលើការដឹកជញ្ជូន។
លោកបានបញ្ជាក់ថា “ទោះខ្ញុំសង្កេតឃើញថា ឧស្សាហកម្មនេះមិនទាន់បានស្ទុះងើបឡើងវិញដូចការរំពឹងទុក ដោយសារយើងមិនមានមធ្យោបាយធ្វើដំណើរច្រើន ជាពិសេសការហោះហើរត្រង់ពីគោលដៅផ្សេងទៀត ហើយថែមទាំងមានកំណើនយឺត ជាងប្រទេសជិតខាងរបស់យើងផងដែរ”។ លោកបន្តថា “ដូច្នេះ ការហោះហើរត្រង់កាន់តែច្រើនពីប្រទេសនិងទីក្រុងធំៗផ្សេងទៀត នឹងផ្តល់ឱ្យយើងកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរទៅកាន់ប្រទេសនានា”។
លោកបញ្ជាក់ថា ទោះនូវែលសេឡង់ជាប្រទេសតូចមួយ ហើយយើងមិនមាន ជើងហោះហើរត្រង់ជាមួយគេក៏ដោយ ក៏យើងគួរតែទទួលបានអត្ថប្រយោជន៍ពីពួកគេ ដោយសារពួកគេបានភ្ជាប់ជើងហោះហើរត្រង់ ជាមួយប្រទេសអាស៊ានមួយចំនួនផ្សេងទៀត។ ដូច្នេះ នៅពេលដែលយើងមានជើងហោះហើរ ពីប្រទេសនោះ ពួកគេអាចបម្រើជាមជ្ឈមណ្ឌលតភ្ជាប់មកប្រទេសយើង។
បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិសរុបចំនួន២៦ បានដំណើរការជើងហោះហើរ ឬស្មើនឹង៨៤៤ ទៅមកក្នុង១សប្តាហ៍ គិតត្រឹមចុងខែឧសភា ដែលរាប់ទាំងជើងហោះហើរក្នុងស្រុក និងក្រៅស្រុក។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរច្រើនជាងគេ គឺមានដល់ចំនួន៦៣៤ ឬ៧៥,១២ភាគរយ តាមពីក្រោយដោយព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប (១៩៦ ស្មើ ២៣,២២ ភាគរយ) និងព្រលានយន្តហោះខេត្តព្រះសីហនុ (២២ ស្មើ ២,៦១ភាគរយ)។
កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៣ បានដំណើរការនៅក្នុងឆ្នាំ២០១៩ មុនពេលមានការរីករាលដាលជំងឺកូវីដ ដោយមិនរាប់បញ្ចូលសេវាហោះហើរលក្ខណៈជួល៕