ខេត្តព្រះសីហនុទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ក្នុងទុនវិនិយោគប្រមាណ​៤៦លានដុល្លារអាមេរិក

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បន្ទាប់ពីភាពស្ងប់ស្ងាត់លើការវិនិយោគ ផ្នែកអចលនទ្រព្យ និងទេសចរណ៍ ខេត្តព្រះសីហនុ បានកំពុងទាក់ទាញការវិនិយោគផ្នែកវិស័យឧស្សាហកម្ម។

ជាក់ស្តែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនបី បង្កើតរោងចក្រនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ លើទំហំទុនវិនិយោគប្រមាណ៤៦លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋចំនួន៨៣៧នាក់។

គំរោងវិនិយោគ ដែលបានអនុម័តដោយCDC រួមមាន ទី១ ក្រុមហ៊ុន “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ ចំនួន៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

ទី២ ក្រុមហ៊ុន “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១១៩កន្លែង។

ទី៣ ក្រុមហ៊ុន “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៩៥កន្លែង៕

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ដោយមានគម្រោងសាងសង់ថ្មីៗជាបន្តបន្ទាប់ ជាពិសេសផ្នែកសំណង់អគារ។ ដោយឡែកគម្រោងបង្កើតរោងចក្រ ពីសំណាក់អ្នកវិនិយោគិនបរទេស ក៏កំពុងសម្លឹង​ឆ្ពោះទៅកាន់ខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here