ក្រុមហ៊ុនជប៉ុន Toshiba ត្រូវបានលក់ក្នុងតម្លៃ១៤ពាន់លានដុល្លារ ហើយគ្រោងចាកចេញពីផ្សារហ៊ុនក្រុងតូក្យូ

0

តែម សុខុម

តូក្យូ: ក្រុមហ៊ុនអេឡិចត្រូនិច Toshiba ដែលជាក្រុមហ៊ុនដ៏ចំណាស់ និងធំបំផុតមួយរបស់ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ប្រវត្តិសាស្រ្ត៧៤ឆ្នាំរបស់ខ្លួនដោយការចាកចេញផ្សារភាគហ៊ុនក្រុងតូក្យូ (Tokyo Stock Exchange) ក្រោយវិនិយោគិនមួយក្រុមបានទិញយកភាគហ៊ុនភាគច្រើនរបស់ខ្លួន។

ក្រុមហ៊ុននេះបានប្រកាសថា សម្ព័ន្ធក្រុមហ៊ុនមួយដែលដឹកនាំដោយក្រុមហ៊ុនភាគហ៊ុនឯកជន Japan Industrial Partners (JIP) បានទិញយកភាគហ៊ុនចំនួន៧៨,៦៥%របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា។

ពេលនេះសម្ព័ន្ធក្រុមហ៊ុន JIP បានកាន់កាប់ភាគហ៊ុនជាង២ភាគ៣ក្នុងក្រុមហ៊ុន Toshiba ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៧៥ ក្នុងកិច្ចព្រមព្រៀងទិញលក់ដែលមានតម្លៃ១៤ពាន់លានដុល្លារ។

ក្រោមកិច្ចព្រមព្រៀងនេះ ភាគហ៊ុនរបស់ Toshiba អាចនឹងត្រូវដកចេញពីផ្សារភាគហ៊ុនជប៉ុន យ៉ាងឆាប់នៅដំណាច់ឆ្នាំនេះ។

លោក Taro Shimada ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Toshiba បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន “ពេលនេះនឹងបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់អនាគតថ្មីជាមួយនឹងម្ចាស់ភាគហ៊ុនថ្មី”។

ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានចាប់ផ្តើមជួញដូរនៅខែឧសភា ឆ្នាំ១៩៤៩ ជាពេលដែលផ្សារហ៊ុនក្រុងតូក្យូ (Tokyo Stock Exchange) បានបើកដំណើរការឡើងវិញ ក្រោយប្រទេសជប៉ុន បានងើបចេញពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី២៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here