បណ្តាប្រទេសចំនួន៥នៅតំបន់អាស៊ាន រួមទាំងកម្ពុជា បានដាក់ចេញទិដ្ឋាការមាស ដើម្បីប្រជែងគ្នាទាក់ទាញជនបរទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្តើមដាក់ចេញគោលនយោបាយ “ទិដ្ឋាការមាស” ដើម្បីទាក់ទា​ញ​ជនបរទេស ដែលមានទ្រព្យធនច្រើនឱ្យស្នាក់នៅបានយូរ  ប៉ុន្តែប្រ​ទេ​​សនីមួយៗ បានដាក់ចេញនូវលក្ខខណ្ឌតម្រូវការរៀងៗខ្លួន។
ខាងក្រោមនេះគឺជាបណ្តាប្រទេសចំនួន៥ នៅតំបន់អាស៊ី ដែលបានដាក់ចេញគោលនយោបាយទិដ្ឋាការមាស។

ប្រទេសឥណ្ឌូនេស៊ី
ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រទេសចុងក្រោយគេ នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានចាប់ផ្តើមកម្មវិធី “ទិដ្ឋាការមាស” របស់ខ្លួន កាលពីដើមខែកញ្ញានេះ ដោយអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចស្នាក់នៅក្នុងប្រទេសនេះ ចន្លោះពី៥ ទៅ១០ឆ្នាំ អាស្រ័យលើតម្លៃនៃការវិនិយោគរបស់ពួកគេ។ដើម្បីមានសិទ្ធិទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ ជនបរទេសត្រូវបង្កើតក្រុមហ៊ុនមួយ ដែលមានតម្លៃ២,៥លានដុល្លារ ខណៈដើម្បីទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំ ជនបរទេសត្រូវបណ្តាក់ទុនវិនិយោគចំនួន៥លានដុល្លារ។

ប្រទេសកម្ពុជា
កាលពីខែកក្កដា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានដាក់ចេញកម្មវិធីទិដ្ឋាការមាសរបស់ខ្លួន ដែលមានឈ្មោះថា “ផ្ទះទី២របស់ខ្ញុំ” ដែលអាចឱ្យជនបរទេសស្នាក់នៅបានរហូតដល់១០ឆ្នាំ។ ដើម្បីមានសិទ្ធិ បេក្ខជនត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ និងមានដើមទុនវិនិយោគមិនតិចជាង១០០.០០០ដុល្លារ ក្នុងប្រទេសកម្ពុជា ហើយជនបរទេស ក៏​ត្រូវ​កាន់កាប់​គម្រោង​អចលនទ្រព្យ​មួយ ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។បេក្ខជនដែលទទួលបានជោគជ័យ នឹងត្រូវបានផ្តល់ទិដ្ឋាការរយៈពេល១០ឆ្នាំ ហើយពួកគេអាចដាក់ពាក្យសុំសញ្ជាតិកម្ពុជា ក្រោយរយៈពេល៥ឆ្នាំ។

ប្រទេសថៃ
ប្រទេសថៃបានបង្ហាញកម្មវិធី ទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ខ្លួនរួចមកហើយកាលពីឆ្នាំមុន ដែលត្រូវបានគេស្គាល់ផងដែរថាជា “ទិដ្ឋាការមាស”។ កម្មវិធីនេះមានសុពលភាពរយៈពេល១០ឆ្នាំ និងផ្តល់នូវធាតុជាច្រើន ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ កម្មវិធីនេះត្រូវបានផ្តល់ជូនដល់ជនបរទេស ចំនួន៤ប្រភេទដូចជា ពលរដ្ឋដែលមានទ្រព្យស្តុកស្តម្ភ អ្នកមានប្រាក់សោធននិវត្តន៍ច្រើន អ្នកជំនាញធ្វើការងារពីប្រទេសថៃ និងអ្នកដែលមានជំនាញខ្ពស់។

ប្រទេសម៉ាឡេស៊ី
កាលពីឆ្នាំមុន ម៉ាឡេស៊ីក៏បានដាក់ឱ្យដំណើរការកម្មវិធីទិដ្ឋាការមាសរបស់ខ្លួនផងដែរ ដែលអនុញ្ញាតឱ្យអ្នកកាន់អាចស្នាក់នៅក្នុងប្រទេសនេះ រហូតដល់២០ឆ្នាំ ជាមួយនឹងជម្រើសបន្តសម្រាប់រយៈពេល២០ឆ្នាំបន្ថែមទៀត។ ដើម្បីមានសិទ្ធិទទួលបានទិដ្ឋាការនេះ ជនបរទេសត្រូវបានតម្រូវឱ្យដាក់ប្រាក់បញ្ញើមានកាលកំណត់ ក្នុងស្រុកចំនួន១លានរីងហ្គីត (២១៣.៥០០ដុល្លារអាមេរិក)។

អ្នកដាក់ពាក្យសុំទិដ្ឋាការ ត្រូវផ្តល់ភស្តុតាងអំពីប្រាក់ចំណូលរបស់ពួកគេ នៅក្រៅប្រទេសយ៉ាងហោចណាស់៤ម៉ឺនរីងហ្គីត ក្នុងមួយខែ ឬ៤៨ម៉ឺនរីងហ្គីត ក្នុងមួយឆ្នាំ។លើស​ពី​នេះ​ទៅ​ទៀត ជនបរទេសត្រូវផ្តល់​លិខិត​បញ្ជាក់ក្រមសីលធម៌ល្អពី​អាជ្ញាធរ​នៃ​ប្រទេស​ ដែល​ពួក​គេ​កំពុង​រស់​នៅ​បច្ចុប្បន្ន។

ប្រទេសសិង្ហបុរី
សិង្ហបុរីបានដាក់ចេញគម្រោងទិដ្ឋាការមាស ដ៏ល្អបំផុតមួយនៅតំបន់អាស៊ី ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Global Investor Pprogram (GIP) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៤។ដើម្បីទទួលបានទិដ្ឋាការ អ្នកដាក់ពាក្យត្រូវតែមានបណ្តាក់ទុនវិនិយោគយ៉ាងហោចណាស់ ចំនួន២,៥លានដុល្លារសិង្ហបុរី នៅក្នុងអង្គភាពអាជីវកម្មថ្មី ឬពង្រីកប្រតិបត្តិការអាជីវកម្ម ដែលមានស្រាប់ ឬបណ្តាក់ទុនចំនួន២,៥លានដុល្លារសិង្ហបុរី ទៅក្នុងមូលនិធិមួយក្នុងចំណោមមូលនិធិ ដែលត្រូវបានអនុម័តដោយ GIP ។ បេក្ខជនដែលទទួលបានជោគជ័យ នឹងត្រូវបានផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាពរយៈពេល៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here