ដោយៈ តែម សុខុម
បាងកក: ក្រសួងដឹកជញ្ជូនថៃ គ្រោងរៀបចំកម្មវិធី Roadshow នៅប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងគម្រោងស្ពាន (Land Bridge) ដ៏ធំសម្បើមមួយដែលតភ្ជាប់ខេត្តជុំផុន (Chumphon) លើឆ្នេរសមុទ្រភាគខាងកើត តាមបណ្តោយឈូងសមុទ្រថៃ (Gulf of Thailand) ឆ្ពោះទៅកាន់ខេត្តរ៉ាក់ណង (Ranong) តាមបណ្ដោយសមុទ្រអាន់ដាម៉ាន់ (Andaman Sea)។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា បានផ្តល់ព័ត៌មានបច្ចុប្បន្នភាព អំពីវឌ្ឍនភាពនៃគម្រោងនេះ បន្ទាប់ពីលោក Wichai Sudsawat តំណាងរាស្ត្រខេត្ត Chumphon មកពីគណបក្សជាតិថៃរួបរួម (United Thai Nation (UTN)) បានបង្ហាញការព្រួយបារម្ភរបស់លោក ទាក់ទងនឹងផលប៉ះពាល់អវិជ្ជមាន នៃគម្រោងនេះទៅលើជីវភាពរស់នៅរបស់ប្រជាជន ក្នុងមណ្ឌលរបស់លោក អំឡុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ។
សមាជិកសភាមកពីគណបក្សជាតិថៃរួបរួម (UTN) រូបនេះបានលើកឡើងពីការព្រួយបារម្ភបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit បាននិយាយកាលពីសប្តាហ៍មុនថា គម្រោងនេះត្រូវការទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ និងការព្រួយបារម្ភផ្សេងទៀត រួមទាំងពាក់ព័ន្ធនឹងបរិស្ថានផងដែរ។
គម្រោងស្ពាន (Land Bridge) ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រនេះ ត្រូវបានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ក្នុងឆ្នាំ២០២១ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្រៅពីគម្រោងច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor)។
គម្រោងស្ពានដីនេះ ទទួលបានការកោតសរសើរថា ស្របតាមយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំ។តាមរយៈគម្រោងស្ពាននេះ រដ្ឋាភិបាលមានគោលបំណងលើកកម្ពស់ការតភ្ជាប់ ក្នុងតំបន់សមុទ្អាន់ដាម៉ាន់ (Andaman Sea) ភាគខាងត្បូង តាមរយៈការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ (Mass Transit System)។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit និយាយថា គម្រោងនេះកំពុងស្ថិត ក្នុងដំណើរការសិក្សា ដែលត្រូវអនុវត្តន៍ ដោយការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ (OTP)។
លោកបានបន្តថា គម្រោងនេះ ត្រូវការទុនវិនិយោគប្រមាណ២៧,៧៥ពាន់លានដុល្លារអាមេរិក ហើយទុនវិនិយោគទាំងមូលនឹងបានពីវិស័យឯកជន ដោយរដ្ឋាភិបាលនឹងដោះស្រាយ តែបញ្ហាដីធ្លីជូនប៉ុណ្ណោះ៕ Bangkok Post៕