ដោយ:ហ្វី អូណា
ភ្នំពេញ: ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានសម្រេចកំណត់រូបភាពចាត់តាំង និងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ។
ឯកឧត្តមប្រធាន បានជម្រាបជូនថា តាមកាលបរិច្ឆេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់គឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្រាប់កម្មវិធីបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ÷
-គណៈប្រតិភូអញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ។
-គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបទ្វេភាគីជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-ពិធីជប់លៀងផ្លូវការ រៀបចំដោយ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-គណៈប្រតិភូនឹងមានជំនួបសម្ដែងការគួរសម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
-គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
-គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
-គណៈប្រតិភូនិងអញ្ជើញក្នុងពិធីអាហារស្វាគមន៍រៀបចំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
-នៅថ្ងៃខែឆ្នាំដដែលគណៈប្រតិភូជាន់ខ្ពស់និងអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។ សម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានភារកិច្ចផ្សព្វផ្សាយខ្លឹមសារជីវប្រវត្តិរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ មានភារកិច្ចថតយកព័ត៌មាន និងផ្សព្វផ្សាយខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអញ្ជើញដល់ អុំឡុងបំពេញទស្សនកិច្ច និងធ្វើមាតុភូមិនិវត្តន៍។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ធ្វើឡើងបន្ទាប់ពីឯកឧត្តម បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រថៃ ពិសេសក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។