មន្រ្តីជាន់ខ្ពស់លើកឡើងពីសក្តានុពលកម្ពុជា និងជម្រុញអ្នកធុរកិច្ច ក្នុងពិភពឥស្លាមមកវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ ត្រូវបានរៀបចំនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ក្នុងពិធីបើកសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម(DMDI)នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI ដែលក្នុងនោះក៏មានការផ្តោត លើឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ។

ចំពោះប្រធានបទ “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នាឱកាសនេះត្រូវបានលើកឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះ សហគ្រាសធុនតូច និងមធ្យម (SMEs) គឺត្រូវបានលើកទឹកចិត្ត និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច ជាប្រភពសំខាន់នៃការបង្កើតការងារ ទ្រព្យសម្បត្តិជាតិ និងក៏ជាតួអង្គសំខាន់ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាផងដែរ។

Event Promotion (Main and Sub)(W.900px X H.603px)

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិកDMDI ទាំងអស់ ពិសេសជូនចំពោះអ្នក ដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថាកម្ពុជា ផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។

លោកបន្តថា “កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិន ដែលជាស្រ្តីផងដែរ”។ លោកបន្តថា “កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំ ទៅដោយមនុស្សជាង៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អ ដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ លើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្ម ដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ផលិតកម្មស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ខណៈពេលដែលបន្តអភិវឌ្ឍន៍ ឧស្សាហកម្មទំនើបដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ។

ពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) ជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករ ដូចជា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើ    វិស័យដូចជា៖ ១. សេដ្ឋកិច្ច ២. អភិវឌ្ឍន៍សហគមន៍ ៣. អប់រំ យុវជន និងកីឡា ៤. វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. វប្បធម៌ចម្រុះ ៦. ឃោសនាអប់រំឥស្លាម ៧. អភិវឌ្ឍន៍ស្ត្រី ៨. ទេសចរណ៍ ៩. សុខភាព និងអនាម័យ និង ១០. ព័ត៌មានវិទ្យា។

កាលពីឆ្នាំ២០១២ កម្ពុជាត្រូវបានបញ្ចូលជាសមាជិក ហើយអង្គការនេះ មានសមាជិកចំនួន២២ប្រទេសផ្សេងទៀត រួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here