ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុនសាងសង់កប៉ាល់ របស់ប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី២ទូទាំងពិភពលោក បើគិតអំពីចំនួនបញ្ជាទិញថ្មីជាសកល ក្នុងខែសីហាកន្លងទៅ។
ចំណែក ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមហ៊ុនសាងសង់កប៉ាល់របស់ប្រទេសចិន ដែលទទួលបានការបញ្ជាទិញជាសកលច្រើនជាងគេបំផុតនៅលើពិភពលោក។
យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Clarkson Research Service បានឱ្យដឹងថា ក្រុមហ៊ុនផលិតកប៉ាល់ក្នុងស្រុករបស់កូរ៉េ បានទទួលការបញ្ជាទិញថ្មីសរុបចំនួន២៧០.០០០CGT កាលពីខែមុន ពោលគឺស្មើនឹង១៣%នៃចំនួនបញ្ជាទិញសរុបនៅទូទាំងពិភពលោក ដែលមានចំនួន២,០៥លាន CGT។ក្រុមហ៊ុនផលិតកប៉ាល់របស់ប្រទេសចិន បានវ៉ាលើសក្រុមហ៊ុនផលិតកប៉ាល់របស់កូរ៉េ ដោយទទួលបានការបញ្ជាទិញថ្មីចំនួន១,៦៨លានCGT ឬស្មើនឹង៨២ភាគរយ នៃចំនួនបញ្ជាទិញសរុបទូទាំងពិភពលោក។
កាលពីខែមុន ក្រុមហ៊ុនផលិតកប៉ាល់កូរ៉េ បានទទួលការបញ្ជាទិញ ដើម្បីសាងសង់កប៉ាល់ចំនួន៦គ្រឿងប៉ុណ្ណោះ ខណៈក្រុមហ៊ុនចិន ទទួលបានទទួលការបញ្ជាទិញ ដើម្បីសាងសង់កប៉ាល់ចំនួន៦០គ្រឿង។
នៅក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះ ការបញ្ជាទិញជាសកលសរុប មានចំនួន២៦,៨១លានCGTs ឬស្មើនឹងកប៉ាល់ចំនួន១.០៣៨គ្រឿង ពោលគឺដាំក្បាលចុះ២២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្នុងនោះ ក្រុមហ៊ុនផលិតកប៉ាល់របស់កូរ៉េ បានកាន់កាប់ចំណែកបញ្ជាទិញ៧,២៥លាន CGTs ឬស្មើនឹង២៧ភាគរយ នៃចំនួនបញ្ជាទិញសរុបទូទាំងពិភពលោក ដោយគូប្រជែងចិនកាន់កាប់ចំណែក១៥,៦៥លាន CGTs ឬស្មើនឹង៥៨ភាគរយ៕