ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារ ហត្ថា លោកឧកញ៉ាបានមានប្រសាសន៍ពន្យល់ពីមូលហេតុ កំណើនឥណទាន និងភាពយឺតយ៉ាវនៃការសងត្រលប់របស់អតិថិជន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការកើនឡើងនៃការផ្ដល់ឥណទាន ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាកំណើនដ៏ល្អប្រសើរ ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល កំពុងជួបបញ្ហានៃវិបត្តិសេដ្ឋកិច្ច រួមទាំង ប្រទេសកម្ពុជា ទោះជាយ៉ាងនេះក្ដីឃើញថា វិស័យហិរញ្ញវត្ថុនៅតែមានកំណើន គួរឲ្យទទួលយកបាន។
លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះបញ្ហានៃការសងយឺតយ៉ាវ របស់អតិថិជន មកកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានកំណើនបន្ដិចបន្ដួចផងដែរ ដោយកាលពីមុនមានត្រឹមតែ២ភាគរយប៉ុណ្ណោះ ប៉ុន្ដែពេលនេះកើនឡើងរហូតដល់៥ភាគរយ តែនេះជាអត្រាមួយ ស្ថិតក្នុងរង្វង់នៃភាពល្អប្រសើរ គ្រាន់តែមានទំនោរកើនឡើង។លោកឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមថា ចំពោះទំនោរកើនឡើងនេះ បណ្ដាមកពីបញ្ហាសេដ្ឋកិច្ចពិភពលោក ក្នុងនោះប្រទេសកម្ពុជា ពុំមានភ្ញៀវទេសចរចូលមកច្រើន។ ចំណែកការនាំចេញវាយនភណ្ឌនៅមានកម្រិត ហើយវិស័យផ្សេងៗ ដែលចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ច ពុំទាន់មានភាពល្អប្រសើរឡើងវិញ ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ ដល់មុខរបររកទទួលទានរបស់ប្រជាពលរដ្ឋកម្ពុជា ទើបធ្វើឲ្យមានការខកខាន ក្នុងការបង់សងត្រឡប់មកកាន់គ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ចមានចំនួន២៣៨.៧ទ្រីលានរៀល ឬស្មើនឹង៥៧.៨ប៊ីលានដុល្លារអាមេរិក កើនឡើង១០.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។តាមរបាយការណ៍បានបញ្ជាក់ថា ឥណទានទាំងនេះគ្របដណ្តប់លើវិស័យ៖ ជួញដូរដុំ និងរាយមានចំនួន៥៩.៥ទ្រីលានរៀល ការទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន២៨.៦ទ្រីលានរៀល វិស័យកសិកម្មមានចំនួន ២២.៧ទ្រីលានរៀល, សេវាកម្មមានចំនួន ២២ទ្រីលានរៀល។ អចលនទ្រព្យ១៩.៦ទ្រីលានរៀល សំណង់១៨.៣ទ្រីលានរៀល, អង្គភាពគ្រួសារ១៣.៧ទ្រីលានរៀល កម្មន្តសាល៨.៧ទ្រីលានរៀល និងឥណទានផ្សេងៗចំនួន៤៥.៥ទ្រីលានរៀល៕