ដោយៈ តែម សុខុម
វិភាគ: បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលជាអ្នកបោះពុម្ពលុយនឹងអស់ថវិកា ដែលអនុម័តដោយរដ្ឋសភាកាលពីមុន នៅត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃទី៣០ ខែកញ្ញា ដែលជាដំណាច់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។
ការបិទដំណើរការរបស់រដ្ឋាភិបាលសហព័ន្ធ នៅសហរដ្ឋអាមេរិក ប្រហែលជាជៀសមិនរួចនោះឡើយ ដោយសារបក្សទាំងពីរគឺបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ មិនអាចឈានដល់កិច្ចព្រមព្រៀង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា។
សម្រាប់ពិភពលោកទាំងមូល ស្ថានភាពនេះឆ្លុះបញ្ចាំងពីភាពរញ៉េរញ៉ៃ នៃការតស៊ូនយោបាយទូទៅរបស់សហរដ្ឋអាមេរិក។ គេគ្មានការព្រួយបារម្ភថា តើរដ្ឋាភិបាលវ៉ាស៊ីនតោន នឹងបិទដំណើរការឬក៏អត់នោះទេ។
តើពិដានបំណុល (Debt Ceiling) របស់សហរដ្ឋអាមេរិក នៅឯណាឱ្យប្រាកដ? នេះជាអ្វីដែលធ្វើឱ្យពួកគេព្រួយបារម្ភ។ តើវាអាចបន្តកើនឡើងដោយមិនកំណត់ដែរឬទេ?។សហរដ្ឋអាមេរិក មិនដែលខកខានក្នុងការទូទាត់បំណុលជាតិរបស់ខ្លួនឡើយក្នុងពេលកន្លងមក ជាហេតុធ្វើឱ្យបំណុលរបស់សហរដ្ឋអាមេរិក ក្លាយជាបំណុលដែលមានកេរ្តិ៍ឈ្មោះល្អបំផុត ក្នុងពិភពលោក។
ទោះជាយ៉ាងណា ពេលនេះបំណុលរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ ក្នុងចំនួន៣៣ទ្រីលានដុល្លារ! បើធ្វើការគណនាចំនួនបំណុលនោះ គឺពលរដ្ឋម្នាក់ៗនៅទូទាំងសហរដ្ឋអាមេរិក ជំពាក់បំណុលគេចំនួន១០០.០០០ដុល្លារ! ហើយអ្វីដែលកាន់តែបារម្ភទៀតនោះ គឺអត្រាកំណើនសេដ្ឋកិច្ចរបស់វា ដែលនឹងកើនឡើង១០ទ្រីលានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ។នោះមានន័យថា បំណុលថ្មីចំនួន៨៣៣លានដុល្លារ ត្រូវបានបន្ថែម ទៅលើបំណុលចាស់ជារៀងរាល់ម៉ោង ចាប់តាំងពីវាបានឆ្លងផុតពិដានបំណុល៣៣ទ្រីលានដុល្លារ។សហរដ្ឋអាមេរិក ដែលជាញឹកញាប់ចោទប្រកាន់ប្រទេសដទៃចំពោះការបង្កើតបំណុល បានដាក់អន្ទាក់បំណុលដ៏ធំ សម្រាប់ពិភពលោកក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ចូរកុំមើលរំលងសច្ចភាពដែលថា សហរដ្ឋអាមេរិក មានអំណាចក្នុងការ “បោះពុម្ពលុយ” ដែលខ្លួនប្រើប្រាស់ ដើម្បីរក្សាទម្លាប់ខ្ចីបុល និងការចំណាយ ដោយមិនប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន។រដ្ឋាភិបាលអាមេរិក បានជួបការលំបាកផ្នែកហិរញ្ញវត្ថុអស់រយៈពេលជិតកន្លះសតវត្សរ៍មកហើយ ដោយសារតែការចំណាយលើសលប់ និងគ្មានការគ្រប់គ្រងត្រឹមត្រូវ ដែលបណ្តាលឱ្យបំណុលរបស់ រដ្ឋាភិបាលសហព័ន្ធបង្គរច្រើនឡើងៗ។
លោក Filippo Gori សេដ្ឋវិទូនៅអង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (Organisation for Economic Co-operation and Development) បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា “គ្រោះមហន្តរាយនៃពិដានបំណុលរបស់អាមេរិក៖ វិធីដែលវិបត្តិធ្ងន់ធ្ងរ ឬការខកខានទូទាត់បំណុល អាចបំផ្លាញអំណាចរបស់សហរដ្ឋអាមេរិក” (America’s Debt-Ceiling Disaster: How a Severe Crisis or Default Could Undermine US Power) នៅលើគេហទំព័ររបស់ទស្សនាវដ្ដី កិច្ចការបរទេសចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។អត្ថបទចុះផ្សាយនោះបានចង្អុលបង្ហាញថា “ដោយសារតែពាណិជ្ជកម្មអន្តរជាតិភាគច្រើន ទូទាត់ជាប្រាក់ដុល្លារអាមេរិក សហរដ្ឋអាមេរិក អាចបោះពុម្ពប្រាក់ដើម្បីទូទាត់ទំនិញ ដែលខ្លួនទិញពីបរទេស ដោយអនុញ្ញាតឱ្យខ្លួនផ្តល់ហិរញ្ញប្បទាន ដល់ឱនភាពពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ដោយមិនចាំបាច់ព្រួយបារម្ភថា ខ្លួននឹងអស់សាច់ប្រាក់។
អត្ថប្រយោជន៍ផ្តាច់មុខដែលគេស្គាល់ថា “Too Big To Fail” (ធំពេកមិនអាចដួលរំបាន) នេះបានបណ្តាលឱ្យមានស្ថានភាពពិសេសមួយ ដែលសហរដ្ឋអាមេរិក “គ្មានលទ្ធភាពទូទាត់សងបំណុល” ប៉ុន្តែដោយមិនចាំបាច់ក្ស័យធនជាផ្លូវការ។
ជាលទ្ធផល សហរដ្ឋអាមេរិក ត្រូវតែប្រើយុទ្ធសាស្រ្តចម្រុះ ដើម្បីរក្សាអំណាចរបស់ប្រាក់ដុល្លារ។ទន្ទឹមនេះប្រទេសចិន គឺជាម្ចាស់បំណុលដ៏ធំមួយរបស់សហរដ្ឋអាមេរិក។ ការទប់ឥទ្ធិពលរបស់ប្រទេសចិន ពីសំណាក់សហរដ្ឋអាមេរិក ជាពិសេសតាមរយៈការបង្កើតភាពតានតឹង ផ្នែកយោធានៅក្នុងសង្កាត់របស់ប្រទេសចិន ក៏ដូចជា ការរឹតបន្តឹងជាទូទៅលើការផលិតរបស់ប្រទេសចិន និងផលប៉ះពាល់របស់វាទៅលើជីវភាពរស់នៅរបស់ប្រជាជនចិន បានបង្កើនការព្រួយបារម្ភរបស់ប្រទេសចិន ថាសហរដ្ឋអាមេរិក អាចនឹងមិនទូទាត់សងបំណុលរបស់ខ្លួន៕ The Edge Markets៕