ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកស្រី Heather Wheeler បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគបៃតង។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចុះផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍។
នេះបើយោងតាមសារពត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។លោកស្រី Wheeler ដែលជាបេសកជនពាណិជ្ជកម្មប្រចាំប្រ ទេសឡាវផងដែរនោះ កំពុងបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ហើយក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីកម្ពុជា រួមទាំងអ្នកធុរកិច្ចអង់គ្លេស និងកម្ពុជា ដើម្បីស្វែងរកឱកាសពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូររបស់កម្ពុជា ចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួច (LDC)។
សេចក្តីថ្លែងការណ៍បានបន្តថា ចក្រភពអង់គ្លេសមើលឃើញសក្តានុពលដ៏ធំមួយ ក្នុងការដាក់ពង្រាយការវិនិយោគបៃតង និងលើកទឹកចិត្តដល់ការនាំចេញរបស់កម្ពុជា។ទន្ទឹមគ្នានេះ ប្រទេសអង់គ្លេស ក៏ជាគោលដៅនាំចេញដ៏សំខាន់មួយសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេសនៅឆ្នាំ២០២២ បានស្ទុះងើបឡើងវិញដល់កម្រិតមុនជំងឺរាតត្បាតរបស់ខ្លួន ដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានបន្ថែមថា ទំនិញសម្រាប់ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសអង់គ្លេសភាគច្រើន គឺជាសម្លៀកបំពាក់ ស្បែកជើង និងកង់៕