ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Meta គ្រោងពង្រីកការវិនិយោគរបស់ខ្លួន ក្នុងប្រទេសវៀតណាម រួមទាំងការផលិតឧបករណ៍ metaverse ផងដែរ។
លោក Joel Kaplan អនុប្រធានក្រុមហ៊ុនMeta ទទួលបន្ទុកគោលនយោបាយសាធារណៈសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ផលិតកម្មរបស់យើងនៅវៀតណាម បានចាប់ផ្តើមកាលពី៤ឆ្នាំមុន ប៉ុន្តែវាត្រូវបានផ្អាក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
លោក Joel Kaplan បានបញ្ជាក់នៅក្នុងឱកាសជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Meta ថា ឥឡូវនេះក្រុមហ៊ុនរបស់យើង គ្រោងនឹងបន្តផលិតឧបករណ៍ metaverse នៅប្រទេសវៀតណាម។
លោក Kaplan ក៏បានអះអាងផងដែរថា Meta មានដៃគូមួយចំនួននៅក្នុងប្រទេសវៀតណាម ដូចជា ភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិច្នៃប្រឌិត ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល និងភាពជាដៃគូជាមួយវិបផតថលរដ្ឋាភិបាលវៀតណាម ដើម្បីធ្វើឱ្យ Facebook ក្លាយជាគេហទំព័ររដ្ឋាភិបាល ដ៏ជោគជ័យបំផុតនៅក្នុងតំបន់ ដែលមានអ្នកតាមដានចំនួន៤,២លាននាក់។លើសពីនេះ ក្រុមហ៊ុន Meta នឹងបន្តគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសវៀតណាម ដើម្បីឈានទៅដល់អតិថិជនថ្មី។លោក Pham Minh Chinh បានលើកឡើងថា ក្នុងកិច្ចសន្ទនានាពេលថ្មីៗនេះ មេដឹកនាំវៀតណាម និងសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញ នូវភាពជាដៃគូជាមួយគ្នា នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកបានបន្ថែមថា ការរួមចំណែករបស់ក្រុមហ៊ុនអាមេរិក ជាពិសេសក្រុមហ៊ុន Meta ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តសក្តានុពល នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូត ដែលប្រទេសទាំងពីរបានបង្កើត ក្នុងខែកញ្ញានេះ។
លោកសង្ឃឹមថា Meta នឹងដើរតួកាន់តែសំខាន់ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ជាពិសេសលើវិស័យសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល AI មាតិកាឌីជីថល ការច្នៃប្រឌិត និងការផ្លាស់ប្តូរ៕