ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជូនដំណឹងអំពី ការលើកលងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូន ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។
ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្ម ចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។
ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ច សារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕