IMFថា សេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ផ្តើមមានស្ថិរភាព ឡើងវិញហើយ

0

ដោយៈ តែម សុខុម

វ៉ាស៊ីនតោន: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា ពេលនេះខ្លួនកំពុងឃើញសញ្ញាមួយចំនួនបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន មានស្ថិរភាពឡើងវិញហើយ បើយោងតាមទិន្នន័យកាលពីពេលថ្មីៗនេះ។

មូលនិធិ IMF ជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន អាចរីកចម្រើនក្នុងល្បឿនលឿនជាងនេះ ក្នុងរយៈពេលមធ្យម ប្រសិនបើប្រ​ទេ​សនេះ ចាត់វិធានការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីរក្សាតុល្យភាពកំណើនឡើងវិញ ពីការវិនិយោគឆ្ពោះទៅរកការចំណាយរបស់អ្នកប្រើប្រាស់។

លោកស្រី Julie Kozack អ្នកនាំពាក្យមូលនិធិ IMF បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានថា មូលនិធិ IMF នៅតែបន្តជឿជាក់ថា ប្រទេសចិន អាចសម្រេចបាននូវកំណើន ប្រមាណ៥%ក្នុងឆ្នាំនេះ។

មូលនិធិ IMF នឹងធ្វើការព្យាករលម្អិត នៅពេលខ្លួនចេញផ្សាយទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) របស់ខ្លួនអំឡុងកិច្ចប្រជុំប្រចាំឆ្នាំ រវាងមូលនិធិ IMF និងធនាគារពិភពលោក (World Bank) នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក នៅថ្ងៃទី១០ ខែតុលា។

លោកស្រីបន្ថែមថា មូលនិធិ IMF មើលឃើញថា កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹមប្រមា​ណ៣,៥%ក្នុងរយៈពេលមធ្យម ប៉ុន្តែតួលេខកំណើននេះអាចនឹងកើនឡើងបន្ថែមទៀត បើមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលមានប្រសិទ្ធភាព៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here