តែម សុខុម
វ៉ាស៊ីនតោន: ធនាគារពិភពលោក (World Bank) កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងសម្រេចបានកំណើន៥,១%ក្នុងឆ្នាំ២០២៣។ នេះយោងតាមរបាយការណ៍បច្ចុប្បន្នភាពស្ដីពីសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារនេះដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “សេដ្ឋកិច្ចរបស់ប្រទេសចិន មានកម្លាំងខ្លាំងគួរឱ្យកត់សម្គាល់”។
សេដ្ឋវិទូរូបនេះបន្ថែមថា “ប្រទេសចិន បានបង្ហាញភាពខ្លាំងដ៏អស្ចារ្យរបស់ខ្លួនផ្នែកផលិតកម្មដែលមិនត្រឹមតែផលិតកម្មមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្លាំងផ្នែកនវានុវត្តន៍ដែលប្រទេសចិន បំបែកកំណត់ត្រា ជាសមត្ថភាពមនុស្សដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ផងដែរ”។លោកបានធ្វើការកត់សម្គាល់ថា ប្រទេសចិន មានផែនការសម្រេចឱ្យបាននូវកំណើនដែលមានគុណភាពកាន់តែប្រសើរឡើង និងមិនគ្រាន់តែគិតពីវិធីដែលអាចពន្លឿនកំណើនក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ។
យោងតាមរបាយការណ៍ខាងលើបង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងឆ្នាំនេះគឺខ្ពស់ជាងការព្យាករជាមធ្យមសម្រាប់បណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័សផ្សេងៗទៀត និងគ្រប់ប្រទេសកំពុងអភិវឌ្ឍន៍។
របាយការណ៍ដដែលបង្ហាញទៀតថា សេដ្ឋកិច្ចប្រទេសចិន ត្រូវបានរំពឹងថានឹងនៅតែរឹងមាំជាមួយនឹងកំណើនក្នុងរង្វង់៥%សម្រាប់ឆ្នាំ២០២៣ ប៉ុន្តែនឹងថមថយបន្តិចក្នុងឆមាសទី២ ចុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់៤,៤%ក្នុងឆ្នាំ២០២៤៕ Xinhua៕