ក្រសួងប្រៃសណីយ៍គ្រោងបញ្ចប់ការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងអ៊ីនធើណេតនៅត្រឹមឆ្នាំ២០២៤

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានប្រកាសថា លោក នឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការសាងសង់បង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេត នៅភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៤។​ លោកបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

លោក ជា វ៉ាន់ដេត បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ នឹងបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេតចំនួន៨០បង្គោល នៅតាមបុរីប្រមាណ៦៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោកបញ្ជាក់ថា បង្គោលអង់តែនសេវាទូរសព្ទ និងអ៊ីនធឺណេតទាំង៨០បង្គោលនេះ ត្រូវបានក្រសួងបំពាក់ឧបករណ៍ស្ទើររួចរាល់ទាំងស្រុងហើយ ដើម្បីត្រៀមដាក់ឱ្យដំណើរការ នាពេលខាងមុខនេះ។លោករដ្ឋមន្ត្រី ជា វ៉ាន់ដេតបានបន្តថា ក្នុងចំណោមបុរីប្រមាណ៦៨ទីតាំងនៅរាជធានីភ្នំពេញ ក្រសួងប្រៃសណីយ៍ ត្រូវសាងសង់ និងដំឡើងអង់តែនសរុប៨៨បង្គោល ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងសាងសង់បានចំនួន៨០បង្គោល ខណៈសល់ចំនួន៨បង្គោលទៀត មិនទាន់បានសាងសង់ ព្រោះតែមូលហេតុពលរដ្ឋមិនឱ្យសង់ ហើយខ្លះទៀត ដោយសារតែនៅបុរីខ្លះ ត្រូវបានផ្អាកដំណើររបស់ខ្លួន។

លោកបន្តថា ទន្ទឹមនឹងការសាងសង់បង្គោល អង់តែននេះ ក្រសួងប្រៃសណីយ៍ ក៏នឹងបន្តស្វែងរក និងដោះចេញនូវឧបករណ៍ជំនួ​​យសេវា នៅតាមគេហដ្ឋានរបស់ពលរដ្ឋផងដែរ ខណៈកន្លងមក ក្រ​សួងចំណាយពេល៣ខែ ដើម្បីដោះឧបករណ៍ជំនួយសេវានេះ។

លោករដ្ឋមន្ត្រី​បានឱ្យដឹងដែរថា តាមទិន្នន័យដែលក្រសួង និងក្រុមអ្នកជំនាញអន្តរជាតិ បានស្រាវជ្រាវឃើញថា នៅទូទាំងរាជធានីភ្នំពេញ ត្រូវសាងសង់បង្គោលអង់តែនប្រមាណ ១១០០បង្គោលឯណោះ តែកន្លងមក បើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនឯកជន គឺមានត្រឹមតែ៦៥៦បង្គោលប៉ុណ្ណោះ។លោកបញ្ជាក់ថា “ក្នុងរយៈពេលជិត១ឆ្នាំមកនេះ ក្រសួងបានរកទីតាំងបង្គោលបានជាង​៣០០បង្គោលប៉ុណ្ណោះ ដែលនៅសល់ប្រមា​ណ៧០០បង្គោលទៀត”។

លោកបានចោទជាសំណួរថា តើក្រសួងត្រូវប្រើពេល២ឆ្នាំទៀត ឬយ៉ាងណា? ប៉ុន្តែលោក ជា វ៉ាន់ដេត បានប្រកាសថា “ខ្ញុំនឹងខិតខំធ្វើយ៉ាងណា ដើម្បីមិនឱ្យប្រើដល់២ឆ្នាំទេ អាចត្រឹមក្នុងឆ្នាំ២០២៤ ត្រូវឱ្យចប់ ដើម្បីដាក់បង្គោលជាង១០០០បង្គោល ឬ៦៥០បង្គោល ទៅ៧០០បង្គោលថែមទៀត ដើម្បីឱ្យសេវានៅទីក្រុងភ្នំពេញទាំងអស់ លើកលែងតែនៅគម្លាតកែនកោះ វាមិនអាចទៅដល់ ដែលយើងដោះស្រាយតាមក្រោយទៀត”។

ទាក់ទងតាមបណ្តាខេត្តនានា លោក ជា វ៉ាន់ដេត លើកឡើងដែរថា នៅតាមបណ្ដាខេត្ត ក្រសួងប្រៃសណីយ៍ ក៏បានចាប់ផ្ដើមតេស្តរកទីតាំងដែលមិនមានសេវា ដូចជា ខេត្តតាកែវ ខេត្តកណ្ដាល កំពង់ស្ពឺ ជាដើម។ ក្នុងនោះ ក្រសួងនឹងបើកការដ្ឋាននៅខេត្តតាកែវ ដើម្បី សាងសង់បង្គោលអង់តែនថ្មី ចំនួន១៧៣បង្គោល នៅទូទាំងខេត្តតាកែវ រួមទាំងការរៀបចំបង្គោលចាស់ៗឡើងវិញប្រមាណ ១៧៩បង្គោលទៀត ដែលសរុបក្នុងខេត្តតាកែវ គឺអាចមានបង្គោលអង់តែន រហូតដល់ជាង៣០០បង្គោល។

បន្ថែមពីនេះ នៅតាមតំបន់ប្រាសាទ និងតំបន់ទិសដៅទេសច​រណ៍មួយចំនួន ក៏ក្រសូងកំពុងនឹងរៀបចំ សាងសង់បង្គោលបន្ថែមទៀតផងដែរ។លោកជា វ៉ាន់ដេត ចាត់ទុកថា នេះជាការចូលរួមរបស់ក្រសួងប្រៃសណីយ៍ នៅក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយផ្ដើមចេញពីការមានសេវាទូរសព្ទ និងអ៊ីនធឺណេតប្រើប្រាស់គ្រប់គ្រាន់ពេញលេញនៅទូទាំងប្រទស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here