ការស្ទង់មតិៈអ្នកធុរកិច្ចនៅតែមានសុទិដ្ឋិនិយមពីការធ្វើធុរកិច្ចនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​អ្នក​ឆ្លើយ​សំណួរ៦២​ភាគរយ​ បាន​ព្យាករ​អំពី​កំណើន​អាជីវកម្ម​របស់​ពួកគេ ​ក្នុង​រយៈពេល១២ ខែ​ខាងមុខ​ ធៀប​នឹង៥៦​ភាគ​​រយ​កាលពី​ឆ្នាំ២០២១​។ ទំនុក​​ចិត្ត​កាន់តែ​វិជ្ជមាន​ បន្ទាប់ពី​ការ​​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​ ១៩​ បើ​ទោះ​វា​មិនអាច​ត្រឡប់​ទៅរក​កម្រិត​មុន​កូ​វីដ (៧២​ ភាគរយ​) នោះ​នៅឡើយ​ទេ​។​

​យោងតាម​ការស្ទង់មតិ​ទំនុក​ចិត្ត​អាជីវកម្ម​ឆ្នាំ ​២០២៣ ដែលធ្វើឡើងដោយEuroCham Cambodia គឺ​ទំនុកចិត្ត​ធុរកិច្ច​នៅ​កម្ពុជា​ជា​ទូទៅ​មាន​ភាព​វិជ្ជមាន ដោយ​អាជីវកម្ម​ភាគច្រើន​ បានសម្រេច​តាម​ទិសដៅ​កំណត់​រកប្រាក់​ចំណេញ ហើយ​ភាគច្រើន​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ពួកគេ​។

ទោះយ៉ាងណា​ក៏ដោយ អាជីវកម្ម​កំពុង​ប្រឈម​នឹង​បញ្ហា​ខាងក្នុង​ដូចជា​ ការ​ធ្លាក់ចុះ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​លទ្ធភាព​ទទួល​បាន​កម្មករ​ជំនាញ​។ ក្រៅពីនេះ បញ្ហា​ប្រឈម​ជា​សកល​ ដូចជា បញ្ហា​អតិផរណា និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កម្ពុជា​មិនបាន​គេចផុត​ឡើយ​។​របាយការណ៍ស្ទង់មតិនេះបានបញ្ជាក់ថា “ធុរកិច្ច​នៅ​កម្ពុ​ជាមាន​ភាព​ធន់ និង​បានបង្ហាញ​ពី​សមត្ថ​ភាព​របស់​ពួកគេ ​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ការផ្លាស់ប្តូរ​។ ដោយមាន​ការគាំទ្រ​ត្រឹមត្រូវ​ ពី​រដ្ឋា​ភិ​បាល​ធុរកិច្ច​ក្នុងប្រទេស​កម្ពុ​ជា មាន​ស្ថាន​ភាពល្អ​ក្នុងការ​ទប់​ទល់ នឹង​បញ្ហា​ប្រឈម​ទាំងនេះ ហើយ​បន្ត​រីកចម្រើន និង​វិបុល​ភាព”។

ភាពងាយស្រួល​ ក្នុងការ​ធ្វើ​អាជីវកម្ម​នាពេល​អនាគត ភាគ​រយ​នៃ​អ្នកឆ្លើយ​សំណួរ​ដែល​ព្យាករ​ថា ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នឹង​កាន់តែ​លំបាក​បាន​កើនឡើង​បន្តិច គឺ៣១​ភាគរយ ធៀប​នឹង២៩​ភាគរយ​កាលពី​ឆ្នាំ​២០២១ ខណៈ​អ្នក​ដែល​ព្យាករ​ថា វា​នឹងមាន​ភាព​កាន់​តែ​ងាយស្រួល​បាន​ធ្លាក់ចុះមកដល់២៧ភាគរយ ពី​៣១​ ភាគរយ​កាល​ពី​ឆ្នាំ​ ២០២១។

នេះ​បង្ហាញថា​ មាន​ភាពមិនច្បាស់លាស់​កា​ន់​តែ​ខ្លាំង​ឡើង ​ពី​ភាពងាយស្រួល​ នៃ​ការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម EuroCham Cambodia​។​
យោងតាម​របាយការណ៍ ការ​យល់ឃើញ​អំពី​ការប្រកួតប្រជែង​ក្នុង​តំបន់​របស់​កម្ពុជា មានការ​យល់ឃើញ​ផ្សេងៗ​គ្នា​។ ខណៈពេល​ទទួលបាន​អត្ថប្រយោជន៍​ ប្រកួតប្រជែង​នៃ​តម្លៃ​ពលកម្ម​ទាប អាជីវកម្ម​ជួប​ការលំបាក ​ក្នុងការ​ទទួលបាន​កម្លាំង​ពល​​កម្ម​ជំនាញ​។​ទន្ទឹមនឹងនោះ លទ្ធភាព​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​ គឺជា​អត្ថ​​ប្រយោជន៍​ដ៏​សំខាន់ ​ក្នុង​ការធ្វើ​អាជីវកម្ម ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំមុនៗ នៅពេលនេះ​ មាន​តម្រូវការ​ពី​សហគមន៍​ធុ​រ​កិច្ច ​ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​នៅក្នុង​តំបន់​។​

អគ្គលេខា​ធិ​ការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោកជា វុទ្ឋីបាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច កាលពី​ថ្ងៃទី​ ១១ ខែសីហាថា កម្ពុ​ជាមាន​សក្តា​នុព​ល​សេដ្ឋកិច្ច សន្តិភាព សន្តិ​សុខ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ហើយ​វិស័យ​ឯកជន​ គឺជា​កម្លាំងចលករ​សំខាន់​ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ច​ជាតិ​។

លោកបន្តថា “លំហូរ​ទុនវិនិយោគ​នៅ​កម្ពុជា ​ស្ថិតនៅក្នុង​ស្ថាន​ភាពល្អ​ខ្លាំង ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត”​។​លោក​បន្ថែមថា “​យើង​មើលឃើញថា ទោះបី​មាន​វិបត្តិ​កូ​វីដ​១៩ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក ក៏​យើង​នៅតែ​ទទួលបាន​លំហូរ​វិនិយោគ​បរទេស​”។​សម្រាប់​ទុនវិនិយោគ​គិត​នៅត្រឹម៩ ​ខែ​ឆ្នាំ​២០២៣នេះ កម្ពុជាបានទាក់ទាញទុនវិនិយោគជិត១៨០០លានដុល្លារអាមេរិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here