ដោយៈ តែម សុខុម
សេអ៊ូល: អភិបាលក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង លោក Oh Se-hoon កាលពីថ្ងៃពុធ ទី៤ ខែតុលា បានប្តេជ្ញាចាក់បញ្ចូលទឹកប្រាក់សរុបចំនួន៣,៧ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញ Start-up បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងប្រែក្លាយក្រុងសេអ៊ូល ទៅជាទីក្រុងបច្ចេកវិទ្យាហិរញ្ញវត្ថុលំដាប់ពិភពលោក។
អភិបាលក្រុងរូបនេះ បានថ្លែងសុន្ទរកថាបើកក្នុងពិព័រណ៍ Seoul Fintech Week 2023 នៅ Dongdaemun Design Plaza (DDP) ថា រដ្ឋបាលក្រុងសេអ៊ូល កំពុងជួយគាំទ្រដល់អាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅគ្រប់ដំណាក់កាលនៃកំណើន តាមរយៈ Invest Seoul ដែលជាសាខាវិនិយោគ របស់រដ្ឋបាលក្រុងសេអ៊ូល ព្រមទាំង Seoul Fintech Lab ផងដែរ។ ទុនវិនិយោគ៣,៧ពាន់លានដុល្លារអាមេរិក ខាងលើនេះនឹងត្រូវបានកៀរគរ តាមរយៈមូលនិធិ Seoul Vision 2030 ក្នុងរយៈពេល៤ឆ្នាំខាងមុខ។
អភិបាលក្រុងរូបនេះបន្ថែមថា “ក្រុងសេអ៊ូល មានក្ដីសុបិនចង់ក្លាយជាទីក្រុងហិរញ្ញវត្ថុមួយ ក្នុងចំណោមទីក្រុងហិរញ្ញវត្ថុកំពូលទាំង៥ក្នុងពិភពលោក ដោយផ្អែកលើក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាច្រើនដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងសេអ៊ូល រួមជាមួយស្ថាប័នហិរញ្ញវត្ថុពិភពលោកចម្រុះ ដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុងនេះ”។
ក្រុងសេអ៊ូល ក៏គ្រោងត្រៀមដីធ្លីធំហំ៥០.០០០ម៉ែត្រការ៉េ នៅ Yeouido ដែលជាសង្កាត់ហិរញ្ញវត្ថុ នៃក្រុងសេអ៊ូល ដើម្បីជួយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ជាមួយនឹងគោលបំណងធ្វើឱ្យទីក្រុងនេះ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឌីជីថល៕ Korea Times៕