តើដីមិនបានប្រើប្រាស់បែបណាត្រូវជាប់ពន្ឋអាករ?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៥ និងបានដាក់ឱ្យអនុវត្តនៅឆ្នាំ១៩៩៦។ ពន្ធនេះ ជាប្រភេទ​ពន្ធ​ថ្នាក់​ក្រោមជាតិ ដើម្បីថ្នាក់វិការក្រោមជាតិអភិវឌ្ឍថ្នាក់មូលដ្ឋាន។

លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ឲ្យដឹងថា ពន្ធលើដីធ្លីមិនបាន​ប្រើប្រាស់​បង្កើតឡើងក្នុងគោលដៅ មិនឱ្យមនុស្សមួយចំនួនទិញដី ​មកទុកចោល ដើម្បីដំឡើងថ្លៃ។ មួយវិញទៀត ដើម្បីបង្កើត​ផលិតកម្មឱ្យមានសកម្មភាពសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍ មានតម្រូវការកម្លាំ​ងកម្មផ្តល់ការងារ​ដល់ពលរដ្ឋ។ លើសពីនេះទៀត ការដាក់ចេញប្រភេទពន្ធនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍដីធ្លី ដែលមិនបានប្រើប្រាស់ ឱ្យទៅជាដី​ដែលបានប្រើប្រាស់។លោកបានបន្តទៀតថា ដីធ្លីដែលមិនបានប្រើប្រាស់មានអត្រាពន្ធ២ភាគរយ ដែលជាប្រភេទពន្ធត្រូវបង់ប្រចាំឆ្នាំ ដូចពន្ធអចលនវត្ថុដែរ។ មានន័យថា ត្រូវចាប់ផ្តើមបង់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ៣០ខែ កញ្ញា បើមិនបង់ពន្ធ ត្រូវទទួលរងទោសពិន័យជាធរមាន។

កន្លងមកម្ចាស់អលចនទ្រព្យដីធ្លីមិនបានប្រើប្រាស់ មិនបាន យល់ដឹងថា ដីប្រភេទណាដែលចាត់ទុកថា ជាដីធ្លីមិនបាន​ប្រើប្រាស់នោះទេ។ នេះជាការបន្ថែមរបស់លោក កែន សម្បត្តិ។
បើតាមអគ្គនាយករងពន្ធដារ មានលក្ខខណ្ឌចំនួន៥ ដែលចាត់ទុកថា ជាដីធ្លីដែលបានប្រើប្រាស់ រួមមាន
ទី១​ ជាដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់អចលនទ្រព្យបានរស់នៅ ចាប់ពី១៨៣ថ្ងៃ ឬច្រើន​ជាងនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំកន្លងមក រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។
ទី២ ដី ឬអចលនទ្រព្យជួលជាអគារ ឬផ្ទះ ហើយប្រកាសប្រចាំខែនៃការជួល លើស៨០ភាគរយនៃចំនួន១ភាគ១២ ​នៃតម្លៃ​អចលនទ្រព្យ ក្នុងឆ្នាំប្រមូលពន្ធយកទៅគុននឹង ០.០៨។បើគណនាលទ្ធផលឃើញតូចជាងតម្លៃ ដែលប្រកាសប្រចាំខែ មានន័យថា ជាដីដែលបានប្រើប្រាស់ តែបើធំជាងមានន័យថា ជាដីមិនបានប្រើប្រាស់។

ទី៣ ជាដីធ្វើសកម្មភាព​សេដ្ឋកិច្ច ស្របតាមតំបន់កំណត់របស់រដ្ឋ ដោយមាការដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ឬទេសចរណ៍ ដែលចំណូល​បានពីសកម្មភាពនេះ ទទួលបានលើសពី៨០ភាគរយ នៃចំនួន១ភាគ១២នៃតម្លៃដី ក្នុងឆ្នាំប្រមូលពន្ធគណនា​ជាមួយមេគុនដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលធំជាងអ្វី​ដែលម្ចាស់​អចលនទ្រព្យ ​ទទួលបានចំណូលមានន័យថា ត្រូវចាត់ទុកជាដីធ្លីដែលមិនបានប្រើប្រាស់។

ទី៤ បើសិនជាដីនេះ​ជាកម្មសិទ្ធិរបស់រដ្ឋ ជួលទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ហើយស្ថិតនៅក្នុងលក្ខខណ្ឌចំនួនបីខាងលើ ក៏ចាត់ទុកថាជាដីធ្លីបានប្រើប្រាស់ដែរ។
ទី៥ ប្រសិនបើដីស្ថិតនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ តែមិនបានប្រើប្រាស់ ដោយសារប្រធានសក្តិ ឬរងគ្រោះ​ដោយប្រ​ការណាមួយ ដូចជាអសន្តិសុខ រងគ្រោះដោយធម្មជាតិ ឬសង្រ្គាម ដោយមានការយល់ព្រមពីក្រសួងជំនាញ នោះគឺមិន​ជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ តែបើមិនជាប់ក្នុងលក្ខខណ្ឌនេះទេ ត្រូវតែមានកាតព្វកិច្ចបង់​ពន្ធលើដីធ្លីមិន​បានប្រើប្រាស់។
លោកបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧មក ដីដែលមិនបានប្រើប្រាស់ គឺត្រូវជាប់ពន្ធដីធ្លី មិន​បានប្រើប្រាស់ទាំងអស់ ទោះដីនោះមានទំហំប៉ុណ្ណាក៏ដោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here