AMRO វាយតម្លៃថាអតិផរណារបស់កម្ពុជានឹងនៅតែមានស្ថិរភាពសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) បានវាយតម្លៃថា  អតិផរណារបស់កម្ពុជា នឹងនៅតែមានស្ថិរភាពក្នុងឆ្នាំបច្ចុប្បន្ន ក៏ដូចជាឆ្នាំក្រោយ ទោះបីជាមានការព្រួយបារម្ភ អំពីសម្ពាធអតិផរណា ដែលបណ្តាលមកពីគ្រោះរាំងស្ងួត El Nino តម្លៃប្រេងខ្ពស់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។

ការព្យាករនេះបានធ្វើឡើង ស្របពេលដែល AMRO បានដាក់ចេញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងខែតុលា ឆ្នាំ២០២៣ របស់ខ្លួនសម្រាប់តំបន់អាស៊ាន បូករួមទាំងទីក្រុងហុងកុង ចិន ជប៉ុន និងកូរ៉េខាងត្បូង។

លោកHoe Ee Khor ប្រធានក្រុមសេដ្ឋវិទូជាន់ខ្ពស់នៃ AMRO បានមានប្រសាសន៍ថា “អតិផរណារបស់កម្ពុជានឹងឈរនៅកម្រិត២,៨ភាគរយ ក្នុងឆ្នាំបច្ចុប្បន្ន ហើយវានឹងកើនឡើងដល់៣ភាគរយនៅឆ្នាំក្រោយ តាមការប៉ាន់ស្មានរបស់យើង ហើយនេះគឺជាអត្រាអតិផរណា ដែលមានស្ថេរភាពបំផុតនៅក្នុងតំបន់”។ទោះជាយ៉ាងណាក្តី លោកបានព្រមានថា “នៅតែមានការព្រួយបារម្ភជាច្រើន បើទោះបីជាប្រទេសកម្ពុជា អាចរក្សាអត្រាអតិផរណារបស់ខ្លួន ឱ្យស្ថិតក្រោមកម្រិតស្ថិរភាពយ៉ាងណាក្តី”។

លោកលើកឡើងថា “កម្ពុជាមានសេដ្ឋកិច្ច ដែលប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ហើយការប្រើប្រាស់ប្រាក់ដុល្លារ អាចនាំមកនូវសម្ពាធអតិផរណាពីសេដ្ឋកិច្ចអាមេរិក ហើយឥទ្ធិពលនៃតម្លៃទំនិញលើអតិផរណាក្នុងតំបន់នឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណក្នុងតំបន់នៅតែបន្ត”។

លោក​បាន​ចង្អុល​បង្ហាញ​ទៀតថា គ្រោះរាំងស្ងួត El Nino អាច​នាំ​ឱ្យ​មាន​ការហក់ឡើង​ថ្លៃ​ សម្រាប់​មុខ​ម្ហូប​អាហារ​ ដោយ​សារ​តែ​ការ​ផលិត​មានតិច​ជាង​មុន និង​ការរឹតបន្តឹងពាណិជ្ជកម្ម​ ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អាកាសធាតុ។

លោក Hoe ក៏បានលើកឡើងពីការកើនឡើង នៃតម្លៃប្រេងថា ជាកត្តាហានិភ័យអតិផរណា ដ៏សំខាន់មួយផ្សេងទៀតផងដែរ ដោយ​សារកម្ពុជា នាំចូលប្រេងសម្រាប់តម្រូវការភាគច្រើនរបស់ខ្លួន។

យោងតាមការសិក្សារបស់កម្មវិធី ស្បៀងអាហារពិភពលោកបានឱ្យដឹងថា បាតុភូតអាកាសធាតុ El Nino អាចជះឥទ្ធិពលអាក្រក់ដល់ទិន្នផលកសិកម្មរបស់កម្ពុជា ដែលអាចនាំឱ្យមានការកើនឡើងនៃតម្លៃម្ហូបអាហារ។

ទោះជាយ៉ាងនេះក្តី លោក​ Hoe Ee Khor ជឿជាក់ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​រឹងមាំ​ ស្របពេលមានការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ និង​សូចនាករ​វិជ្ជមាន​ទាក់ទង​នឹង​ការ​នាំ​ចេញ និង​វិស័យ​ផលិតកម្ម​ក្នុងប្រទេស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here