ដោយៈ តែម សុខុម
ភ្នំពេញ: ក្រុមហ៊ុន NagaCorp Ltd ដែលជាប្រតិបត្តិកររីហ្សតកាស៊ីណូណាហ្គាវើល (NagaWorld) ផ្តាច់មុខក្នុងរាជធានីភ្នំពេញ បានបញ្ចេញរបាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណូល មុនការបង់ការប្រាក់ មុនបង់ពន្ធ មុនការចំណាយលើការរំលស់ និងការសងបំណុល (EBITDA) ចំនួន២១៥,៤លានដុល្លារអាមេរិក សម្រាប់រយៈពេល៩ខែដំបូងដើមឆ្នាំ២០២៣។
ក្រុមហ៊ុននេះ បានបញ្ជាក់ក្នុងរបាយការណ៍ លទ្ធផលប្រចាំត្រីមាសរបស់ខ្លួន ផ្ញើទៅកាន់ផ្សារមូលបត្រក្រុងហុងកុង (Hong Kong Stock Exchange) កាលពីថ្ងៃអង្គារ ទី៣ ខែតុលា ថា តួលេខនេះបង្ហាញពីកំណើន១៧,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
យោងតាមគេហទំព័រ GGRAsia ចុះផ្សាយកាលពីថ្ងៃព្រហស្បត្ដិ៍ ទី៥ ខែតុលា បង្ហាញថា ក្រុមហ៊ុននេះ មានអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរយៈពេលវែង សម្រាប់រាជធានីភ្នំពេញ តាមរយៈរីហ្សតកាស៊ីណូ NagaWorld របស់ខ្លួន។
របាយការណ៍កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានបញ្ជាក់ថា “គណៈគ្រប់គ្រងជឿជាក់ថា នេះគឺដោយសារតែកំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា”។
ក្រុមហ៊ុន NagaCorp បានលើកឡើងថា ការកើនឡើងប្រាក់ចំណូលក្នុងផ្នែកល្បែង VIP ទំនងជាត្រូវបានផ្សារភ្ជាប់ ទៅនឹងកំនើននៃចំនួនជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕ GGRAsia៕






