ដោយ: គង់ លាងហួរ
អន្តរជាតិ: វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបន្តពន្យឺតកំណើនសេដ្ឋកិច្ចរបស់ចិន។តួយ៉ាង ធនាគារពិភពលោក បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៤ មកនៅត្រឹម៤,៤ភាគរយ ធៀបនឹងការព្យាករណ៍ពីមុន៤,៨ភាគរយ។
តើការដាំក្បាលចុះនៃវិស័យអចលនទ្រព្យចិន ប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្តេច?
កំណើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនត្រូវបានជំរុញភាគច្រើន ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ ប៉ុន្តែការរីកចម្រើនយ៉ាងឆាប់រហ័សជាច្រើនឆ្នាំ បានធ្វើឱ្យវិស័យទាំងនេះ ប្រឈមមុខនឹងបំណុលគរដូចភ្នំ។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា អនុបាតបំណុលមិនមែនហិរញ្ញវត្ថុ ក្នុងស្រុកសរុបរបស់ប្រទេសចិន ធៀបទៅនឹង GDP បានកើនឡើងជាងទ្វេរដង ពី១៣២ភាគរយក្នុងឆ្នាំ២០០៧ ដល់២៨៥ភាគរយនៅឆ្នាំ២០២៣ ។
បន្ទាប់ពីមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីក្រុមនិយតករចិនដើម្បីកាត់បន្ថយការខ្ចីប្រាក់ និងកែទម្រង់វិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍឯកជន បានចាប់ផ្តើមខកខានសងបំណុល របស់ពួកគេនៅពាក់កណ្តាលឆ្នាំ២០២១ ដែលនាំឱ្យគម្រោងសាងសង់ជាច្រើន ជាប់គាំង ហើយអ្នកផ្គត់ផ្គង់ និងម្ចាស់បំណុលមិនទទួលបានការបង់ប្រាក់។ក្រៅពីរួមចំណែកប្រហែលមួយ ភាគបីនៃGDP របស់ប្រទេសចិន វិស័យអចលនទ្រព្យ បានគ្របដណ្តប់៦៥ភាគរយ នៃទ្រព្យសម្បត្តិគ្រួសារសរុប។ តម្លៃលំនៅដ្ឋានក្នុងទីក្រុងអភិវឌ្ឍន៍តិចតួច បានដាំក្បាលចុះជាង២០ភាគរយ ចាប់តាំងពីឆ្នាំ២០២១ ដែលជះផលប៉ះពាល់ខ្លាំងដល់ទំនុកចិត្តអាជីវកម្ម និងអតិថិជន។
តើវិបត្តិអចលនទ្រព្យនឹងមានឥទ្ធិពលជាប្រព័ន្ធដែរឬទេ?
ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យមានតិចតួចណាស់។ នេះបើយោងតាមក្រុមហ៊ុន Oxford Economics ។ ទោះជាយ៉ាងណាក្តី អនុបាតប្រាក់កម្ចីមិនដំណើរការរបស់ធនាគារតូចៗ ក្នុងតំបន់អាចវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗ ដោយសារកម្រិតនៃការផ្តល់ឥណទាន ដល់វិស័យអចលនទ្រព្យកាន់តែខ្ពស់ និងយានយន្ត ឬមធ្យោបាយផ្តល់ហិរញ្ញប្បទាន របស់រដ្ឋបាលមូលដ្ឋាន (LGFVs)។
រដ្ឋបាលក្នុងតំបន់បានប្រើប្រាស់មធ្យោបាយ LGFVs របស់ពួកគេ ដើម្បីជំរុញប្រតិបត្តិការ នៅក្នុងទីផ្សារដីធ្លីកាលពីឆ្នាំមុន។ ការណ៍នេះបានជំរុញឱ្យក្រសួងហិរញ្ញវត្ថុ ចេញសេចក្តីថ្លែងការណ៍មួយដោយណែនាំដល់អាជ្ញាធរ ក្នុងតំបន់ឱ្យបញ្ឈប់ការអនុវត្តនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ។
ជាក់ស្តែង មធ្យោបាយ LGFVs នៅតែគ្របពាក់កណ្តាលនៃការទិញដីក្នុងឆ្នាំ២០២២ ធៀបនឹង៣៣ភាគរយក្នុងឆ្នាំ២០២១ និង១៧ភាគរយក្នុងឆ្នាំ២០២០។ នេះបើយោងតាមក្រុមហ៊ុន Rhodium Group៕